រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)គិតមកត្រឹមថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២០នេះគឺមានអាយុ២៧ឆ្នាំហើយដោយគិតចាប់តាំងពីថ្ងៃប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនាថ្ងៃទី២៤ កញ្ញាឆ្នាំ១៩៩៣ មក។ ដើម្បីអបអរសាទរនៅក្នុងទិវារំលឹកខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជាក្រមាប៉ុស្ត៍ ក៏សូមលើកឡើងពីចំណុចខ្លះៗ នៃប្រវត្តិរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣សម្រាប់ប្រិយមិត្ត អាចស្វែងយល់ជាចំណេះដឹងបន្ថែម ដូចខាងក្រោមនេះ៖
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឬរដ្ឋធម្មនុញ្ញដែលព្រះរាជាណាចក្រកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មីបន្ទាប់ពីសង្គ្រាមដ៏រ៉ាំរៃជាច្រើនទសវត្ស ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣តុលា ឆ្នាំ១៩៩១។ រដ្ឋធម្មនុញ្ញ ដែលមាន១៦ជំពូក និង១៥៨មាត្រានេះ ត្រូវបានអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតរៀបចំដោយ អង្គការសហប្រជាជាតិ ពីឆ្នាំ១៩៩៣ហើយត្រូវបានអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
សម្រាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣គឺជារដ្ឋធម្មនុញ្ញទី៦ហើយ ពោលគឺចាប់តាំងពីប្រទេសកម្ពុជាបានទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើប តាមបែបបស្ចិមលោក ដែលមានការផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ប្រទេសកម្ពុជា គិតចាប់ពីឆ្នាំ១៩៤៧មក គឺមានរដ្ឋធម្មនុញ្ញចំនួន៦ដោយមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ មួយទៅរដ្ឋធម្មនុញ្ញមួយអាស្រ័យទៅតាមបរិបទនយោបាយរបស់ប្រទេស (ចាប់ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៩៣) ដែលក្នុងនោះរួមមាន៖
- រដ្ឋធម្មនុញ្ញទី១ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើក្នុងឆ្នាំ១៩៤៧ (ក្នុងរបបព្រះរាជាណាចក្រទី១)
- រដ្ឋធម្មនុញ្ញទី២ត្រូវបានប្រកាសឱ្យប្រើនៅក្នុងឆ្នាំ១៩៧២ (បន្ទាប់ពីការផ្លាស់ប្តូររបប)
- រដ្ឋធម្មនុញ្ញទី៣ត្រូវបានប្រកាសឱ្យប្រើនៅក្នុងឆ្នាំ១៩៧៦ (របបកម្ពុជាប្រជាធិបតេយ្យ)
- រដ្ឋធម្មនុញ្ញទី៤ត្រូវបានប្រកាសឱ្យប្រើនៅក្នុងឆ្នាំ១៩៨១ (របបសាធារណរដ្ឋប្រជាមានិតកម្ពុជា)
- រដ្ឋធម្មនុញ្ញទី៥ត្រូវបានប្រកាសឱ្យប្រើនៅក្នុងឆ្នាំ១៩៨៩ (របបរដ្ឋកម្ពុជា)
- រដ្ឋធម្មនុញ្ញទី៦ត្រូវបានប្រកាសឱ្យប្រើនៅក្នុងឆ្នាំ១៩៩៣ (រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមកទល់ពេលបច្ចុប្បន្ន)។
ហើយក៏គួរកត់សម្គាល់ផងដែរថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ចំនួន៨លើកហើយនៅក្នុងរដ្ឋធម្មនុញ្ញក៏មានច្បាប់ធម្មនុញ្ញបន្ថែមផងដែរដែលមានដូចជា៖
- វិសោធនកម្មលើកទី១ប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ដើម្បីធ្វើប្រតិភូកម្មព្រះហស្ថលេខាព្រះមហាក្សត្រជូនទៅ ប្រមុខរដ្ឋស្តីទី។
- វិសោធនកម្មលើកទី២ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី០៨ខែមីនា ឆ្នាំ១៩៩៩ ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា។
- វិសោធនកម្មលើកទី៣ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០០១ដើម្បីថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើតនិងប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ។
- វិសោធនកម្មលើកទី៤ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ដើម្បីកែសម្រួលកូរ៉ុមប្រជុំរបស់រដ្ឋសភានិងព្រឹទ្ធសភាដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំងពីរ។
- វិសោធនកម្មលើកទី៥ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី០៩ខែមីនា ឆ្នាំ២០០៦ដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភានិងបង្កើតរាជរដ្ឋាភិបាល។
- វិសោធនកម្មលើកទី៦ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីកែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
- វិសោធនកម្មលើកទី៧ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ដើម្បីផ្តល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
- វិសោធនកម្មលើកទី៨ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ដើម្បីលើកស្ទួយនូវតម្លៃជាតិខ្មែរក្នុងបុព្វហេតុការពារឯករាជ្យជាតិអធិបតេយ្យជាតិ និងឯកភាពជាតិប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។
- ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ដើម្បីធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាន នៃលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សសមស្របតាមតម្រូវការនៃភាពចាំបាច់។
ដោយឡែក អ្វីដែលគួរកត់សម្គាល់ផងដែរនៅក្នុងច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជានេះ គឺបានរំលេចពីសារដាស់តឿនដោយបានរំលឹកដល់កូនខ្មែរថា សង្គ្រាមបាននាំកម្ពុជាឱ្យអន្តរាយខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មីដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញដូចមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញនេះ៖"យើង ប្រជារាស្រ្តខ្មែរដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តមប្រទេសជាតិស្តុកស្តម្ភធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយបានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទសវត្សចុងក្រោយនេះឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយបានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា "កោះសន្តិភាព" ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចំរើនលូតលាស់ សម្បូររុងរឿងជានិចនិរន្តរ៍"៕
ប្រភព៖
- រដ្ឋធម្មនុញ្ញ (ការផ្សាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញឆ្នាំ២០១៨)
- រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា(អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ខែកញ្ញា ឆ្នាំ២០១១)
- https://www.ccc.gov.kh/historyccc_kh.php
- http://freshnewsasia.com/index.php/en/localnews/171487-2020-09-23-03-13-28.html
- http://freshnewsasia.com/index.php/en/localnews/171476-2020-09-23-01-25-25.html
- https://vayofm.com/news/detail/97647-985998530.html
- https://kleykley.sabay.com.kh/article/1089165
- https://salatraju.com/post/489