រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២០ ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សានិងអនុម័តលើ“សេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម”។ សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំ ។
សេចក្ដីព្រាងច្បាប់នេះផងដែរ មាន ១២ជំពូក និង ៩៧មាត្រាដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាពនិងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាននិងនីតិវិធី សម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពានិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្មនិងកំណត់សិទ្ធជាម្ចាស់លើមណកដលល្បែងពាណិជ្ជកម្មសមាហរ័ណនិងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដង់ដារមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕