រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សំាងពេញលេញ មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ ដោយគ្រាន់តែតម្រូវឲ្យធ្វើតេស្ដរហ័សពេលចូលមកដល់កម្ពុជា។
ប្រសាសន៍សម្ដេចតេជោ៖ ដោយសារកម្ពុជារបស់យើង គឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតដល់ជិត៨៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះមិនត្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ។ សម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចរាល់ ទាំងជនជាតិខ្មេរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។
ដោយឡែកចំពោះអ្នកដំណើរដែលចូលមកកម្ពុជា ដែលមិនទាន់បានចាក់វ៉ាក់សាំងគឺតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃពេញលេញដដែល និងតម្រូវឲ្យធ្វើតេស្តដោយម៉ាស៉ីន PCR។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។
សម្តេចបន្ថែមថា បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ៕