រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះឯកឧត្តមសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបាន ជួបពិភាក្សាជាមួយសម្តេចតេជោតាមប្រព័ន្ធវីដេអូនាថ្ងៃនេះ។ ឯកឧត្តមបានសំដែងនូវការកោតសរសើរ យ៉ាងខ្លាំងចំពោះសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការ ចាក់វ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បាន ស្នើសុំគោរពស្វែងយល់ពីសម្ដេចតេជោ លើករណីចំនួន៤ ដែលករណីទី១) គឺជាអាទិភាពរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស ទី២)មេរៀនដែលរៀនបានពីជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារ ទី៣)ករណីពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ និងទី៤)សូមគោរពស្វែងយល់អំពីសម្ដេចតេជោ នូវអ្វីដែលឯកឧត្តមគួរធ្វើដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម វិទិត មុនតាប៊ន (Vitit Muntarbhorn) ថា ទី១) អទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញផងស្របតាមអនុសញ្ញាអន្តរជាតិផង ហើយដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវដាច់ខាតរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំង ដល់ប្រជាជនកម្ពុជាផងដែរ។ ទី២)កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោសស្រាលជាស្ត្រី និងអ្នកដែលមានកូនជាដើម តាមរយៈការរៀបចំកន្លែងថ្មីជូនគាត់ ឬក៏ជូនគាត់ទៅកន្លែងថ្មីចៀសវាងការឆ្លងនូវជំងឺកូវីដ-១៩ ។
លើសពីនេះទៅទៀត កម្ពុជាក៏មិនមើលរំលងអ្នកជាប់ទោសទាំងអស់នោះដែរ គឺកម្ពុជាបានផ្ដល់ការចាក់វ៉ាក់សាំងជូនពួកគាត់ ដូសទី១ និងដូសទី២ ហើយថែមទាំងកំពុងត្រៀមចាក់ដូសទី៣ ទៀតផង។ ទី៣)កម្ពុជា គឺចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហរលទ្ធិប្រជាធិបតេយ្យ និងទី៤) អ្វីដៃលកម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តម វិទិត មុនតាប៊ន (Vitit Muntarbhorn) នោះគឺការបង្កើតបរិយាកាស ដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក៕