រាជធានីភ្នំពេញ៖នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត។

នៅក្នុងជំនួបនេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានលើកឡើងថា៖ ដំណើរទស្សនៈកិច្ចរបស់ព្រះអង្គម្ចាស់ពេលនេះ គឺដើម្បីពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង។

ប្រទេសយើងទាំងពីរ មានសក្តានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជាវិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម។ល។ ក្នុងន័យនេះព្រះអង្គម្ចាស់ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពលដែលយើងមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបានជោគជ័យនាពេលខាងមុខ៕