ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ។
ក្នុងការមកដល់នៃវ៉ាក់សាំងថ្ងៃនេះមានវត្តមាន ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចូលរួមដើម្បីចាំទទួលនិងស្វាគមន៍នៅព្រលានយន្តហោះ។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍បញ្ជាក់ដែរថា៖ នៅត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងមានវ៉ាក់សាំងគ្រប់ចំនួន សម្រាប់ចាក់ជូនប្រជាជននៅទូទាំងប្រទេស ចំនួន១០លាននាក់។
នេះជាវ៉ាក់សាំងចិនជំហានទី៤ដែលបានដឹកជញ្ជូនមកដល់កម្ពុជាសម្រាប់ចុងខែមិថុនានេះ។ ហើយវ៉ាក់សាំងចិនចំនួន១លានដូសបន្ថែមទៀតនឹងមកដល់នាថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,៨០៣,១៦៩នាក់។
ដោយឡែក ការប្រកាសរបស់ក្រសួងសុខាភិបាន នាព្រឹកនេះផងដែរ ក៏បានបង្ហាញពីករណីឆ្លងថ្មី ចំនួន ៧៤៥នាក់ ស្លាប់ថ្មីដោយសារកូវីដ១៩ ចំនួន ១៤នាក់ និងបន្តជាសះស្បើយ ៦៧០ នាក់៕