រាជធានីភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន បានមកដល់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀតហើយ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានវត្តមាននៃការទទួលពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាការដឹកជើងទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះប្រជាពលរដ្ឋជាង ២លាននាក់ហើយ បានចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ 

តាមគ្រោងទុកនៅថ្ងៃទី២៣ ខែឧសភា កម្ពុជានឹងទទួលបានវ៉ាក់សាំង ១លានដូស ខែមិថុនា ៣លានដូស ខែកក្កដា ២លានដូស ខែសីហា ១លានដូស៕