ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន(TSIPWT) និងវិទ្យាស្ថានZejiang Institute of Communication(ZJIC) នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយលោកនាយករង Chen Kai។
វិទ្យាស្ថាន Zejiang Institute of Communication(ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងបានបណ្តុះបណ្តាលសិស្សនិស្សិតលើមុខជំនាញបច្ចេកទេសសរុបប្រមាណជាង ៤០ មុខជំនាញ ក្នុងដេប៉ាតឺម៉ង់ចំនួន៩ ក្នុងនោះរួមមាន៖ ដេប៉ាតឺម៉ង់ ផ្លូវថ្នល់និងស្ពាន ដេប៉ាតឺម៉ង់ផ្លូវទឹក ដេប៉ាតឺម៉ង់ គ្រប់គ្រងដឹកជញ្ជូន ដេប៉ាតឺម៉ង់ដឹកជញ្ជូនឆ្លាតវៃ និងដេប៉ាតឺម៉ង់Rail Transit ជាដើម។
គួរកត់សម្គាល់ថា៖ ជាមួយនឹងទំនាក់ទំនង និងភាពជាដៃគូនេះ វិទ្យាស្ថានទាំងពីរ (TSIPWT និង ZJIC) បានឯកភាពគ្នាលើគោលការណ៍សហប្រតិបត្តិការជាច្រើនរួមមាន៖ ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការ អប់រំ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្តូរសាស្ត្រាចារ្យ អ្នកស្រាវ ជ្រាវនិងនិស្សិត ការផ្លាស់ប្តូរព័ត៌មាននិងទិន្នន័យចាំបាច់ បណ្ណាល័យ ការបោះពុម្ពផ្សាយ ការបង្កើតសន្និសីទសារព័ត៌មាន សិក្ខាសាលា និងការផ្លាស់ប្តូរធនធានផ្សេងៗទៀត។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តមនាយកវិទ្យាស្ថាន បានសម្តែង នូវក្តីសង្ឃឹមយ៉ាងមុតមាំថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ចំណេះដឹងយ៉ាងទូលំទូលាយដល់និស្សិតទាំងផ្នែកបច្ចេកទេស និងផ្នែកទ្រឹស្តីដើម្បី ក្លាយខ្លួនជាអ្នកមានជំនាញនិងទទួលបានបទពិសោធន៍ច្បាស់លាស់ ប្រកបដោយគុណធម៌ សីលធម៌ ដែលអាចដឹកនាំ និងអភិវឌ្ឍនៅក្នុងសង្គមនាពេលអនាគតបាន។
ជាមួយគ្នានេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំវិទ្យាស្ថាន ឯកឧត្តមនាយកវិទ្យាស្ថាន បានប្តេជ្ញាចិត្តខិតខំប្រឹង ប្រែងនាំយកនិស្សិត ឆ្នើម ក៏ដូចជាសាស្ត្រាចារ្យល្អៗទៅដកស្រង់បទពិសោធន៍ជាក់ស្តែងនៅតាមការដ្ឋាន ក្នុងស្រុក និងបណ្តា ប្រទេសនានាដូចជា៖ ប្រទេសចិន ជប៉ុន កូរ៉េ ដែលជាដៃគូសហការរបស់ក្រសួង ផងដែរ។
គួរបញ្ជាក់ថា៖ ក្រោមការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បាននិងកំពុងខិតខំបណ្តុះបណ្តាលនិស្សិតទាំងអស់ឱ្យក្លាយខ្លួនជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
គួររំលឹកផងដែរថា៖ ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ វិទ្យាស្ថានបាន ទទួលចុះឈ្មោះនិស្សិតចូលរៀនដំបូងបានចំនួន ១៩១ នាក់ សម្រាប់ថ្នាក់សិក្សាឆ្នាំមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការបង្រៀនតាមប្រព័ន្ធពីវីដេអូពីចម្ងាយពីបន្ទប់សិក្សានៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។
ជាទីបញ្ចប់នៃពិធីចុះហត្ថលេខានេះ សមភាគីនៃថ្នាក់ដឹកនាំវិទ្យាស្ថានទាំងពីរ បានយល់ព្រមបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក នាថ្ងៃខាងមុខតាមពេលវេលាសមស្របក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ទូលំទូលាយ និងស៊ីជម្រៅថែមទៀត៕