ខេត្តកំពង់ចាម៖ លោកស្រី ស៊ាង វណ្ណលក្ខិណា ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា ប្រធានមន្ទីរកិច្ចការនារី ដែលទើបប្រកាសចូលកាន់តំណែងនៅពេលនេះ សូមឱ្យលោកស្រីប្រធាន ត្រូវខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុង និងដឹកនាំធ្វើការងារឲ្យមានតម្លាភាព និងពង្រឹងប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ។
ជាងនេះទៅទៀត សូមបន្តឲ្យមានទំនាក់ទំនងល្អ ជាមួយនឹងបណ្ដាមន្ទីរអង្គភាពផ្សេងៗ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុក ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេស ការចាប់ដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល ។
