រាជធានីភ្នំពេញ៖ ក្នុងឱកាសខួបអតីត:និស្សិតអាហារូបករណ៍ហ្វូលប្រាយ​កម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លេីកទី៧៥​ នាល្ងាចថ្ងៃទី១៧​ ខែវិឆ្ឆិកា​ ឆ្នាំ២០២១​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានទទួលវិញ្ញាបនបត្រទទួលស្គាល់​ និងលេីកសរសេីរស្នាដៃ​លេចធ្លោររបស់លោកជំទាវ​ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា​ និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ​​ (Fulbright​ scholarship) ដែលពិធីប្រកាសទទួលស្គាល់នេះ​ ត្រូវបានប្រារព្ធធ្វេីឡេីង និងប្រគល់​ ដោយឯកឧត្តម​ ប៉ាទ្រីក​ មេីសហ្វី​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​ (Residence of H.E. Patric Murphy, Ambassador of the United States of America to the Kingdom of Cambodia)​ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។

ក្នុងរយៈពេល ៧៥ឆ្នាំមកនេះ មាននិស្សិតខ្មែរប្រមាណជា ២២០នាក់ ដែលទទួលបានអាហារូបករណ៍ហ្វូលប្រាយនេះទៅសិក្សានៅសហរដ្ឋអាមេរិក ដែលក្នុងចំណោមនោះ លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក​ ផ្នែកសុខភាពសាធារណ:នៅសាកលវិទ្យាល័យ​ យែល​ (Yale University,​ USA) នៃរដ្ឋខុននិចធីខាត់​ (Connecticut) ក្រោយថ្ងៃរំដោះ​ ៧មករា​ ១៩៧៩​។ នេះបើតាមការរំលឹករបស់ឯកឧត្តម​ ប៉ាទ្រីក​ មេីសហ្វី​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​។

 លោកជំទាវ​រដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ បានលេីកឡេីងថា៖​ ការទទួលស្គាល់ស្នាដៃលេចធ្លោរនាពេលនេះ​ គឺមិនអាចកាត់ផ្តាច់ចេញបានពីការចិញ្ចឹមបីបាច់ថែបំប៉ន​ និងផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាប្រមុខដឹកនាំដ៏ខ្លាំងនោះឡេីយ។ 

 លោកជំទាវ​ ក៏បានមានប្រសាសន៍ផងដែរថា៖​ ខ្ញុំនៅចងចាំបានថា​ ខ្ញុំជាស្ត្រីខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Fulbright ដ៏មានកិត្យានុភាពមួយនេះទៅសិក្សានៅសាកលវិទ្យាល័យយេល (Yale​ University) នៃសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈរបស់ខ្ញុំ​ ពីពាក់កណ្តាលឆ្នាំ 1994 ដល់ពាក់កណ្តាលឆ្នាំ 1996 ។ 

លោកជំទាវបញ្ជាក់ថា៖ បទពិសោធន៍​រៀនសូត្រដែលខ្ញុំទទួលបានពីកម្មវិធីនេះ បានបង្កើនឡើងនូវសមត្ថភាពរបស់ខ្ញុំយ៉ាងខ្លាំងដែលជំនាញ និងចំណេះដឹងរបស់ខ្ញុំ ត្រូវបានវិវឌ្ឍន៍គ្រប់ពេលវេលាជាមួយនឹងក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ការជឿទុកចិត្តពីមនុស្សម្នា​ទាំងឡាយ​ ហើយសំខាន់ជាងនេះទៅទៀតនោះ​ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ អន្តរកម្មដែលខ្ញុំមាន​ គឺខ្ញុំបានធ្វេីអ្វីៗ​ រួមទាំងការលះបង់ជីវិតគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ​ ជាមួយប្រជាជនរបស់ខ្ញុំផ្ទាល់​ ក្នុងការជួយពួកគេរាល់ថ្ងៃ មិនថាពេលថ្ងៃ​ ឫយប់​ ទោះបីខ្ញុំកម្របានសម្រាកគ្រប់គ្រាន់ក៏ដោយ។ 

 ខ្ញុំមិនអាចភ្លេចបានទេថា រាជរដ្ឋាភិបាលកម្ពុជា​ បានចិញ្ចឹម​ និងជួយខ្ញុំ ដើម្បីឱ្យខ្ញុំបានចេញពីជ្រលងមរណៈ និងគ្រោះអវិជ្ជា បន្ទាប់ពីសម័យប៉ុលពត ហើយផ្តល់ឱកាសឱ្យខ្ញុំ​ បានរៀនសូត្របន្ថែមទៀត និងរួមចំណែកជួយប្រជាជនខ្ញុំ​ ដែលទឹកចិត្ត​ខ្ញុំ​គឺនៅ​ជាមួយ​ប្រជាជន ក្តី​បារម្ភ​របស់​ខ្ញុំ​គឺ​សុខភាព​ប្រជាជន ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្ញុំ​គឺ​ដើម្បី​ប្រជាជន ហើយ​ទង្វើ​របស់​ខ្ញុំ​គឺ​ជួយ​ប្រជាជន​របស់​ខ្ញុំ​៕