ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីaនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនគឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ!
ទី១៖ ព្រះរាជាណាចក្រកម្ពុជាប្រកាន់យកគោលនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ នេះគឺជាខ្លឹមសារមាត្រា៥៣នៃរដ្ឋធម្មនុញ្ញដែលបញ្ជាក់ច្បាស់អំពីបន្ទាត់នយោបាយការបរទេសឥតប្រែប្រួលរបស់កម្ពុជា។
គឺជានយោបាយការបរទេសបែបចម្រុះពណ៌ដ៏សមស្របបំផុតសម្រាប់ស្ថានភាពជាក់ស្តែងរបស់កម្ពុជាក៏ដូចជាសមស្របទៅនឹងបរិបទពិភពលោក។
ទី២៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាជម្រើសសមស្របបំផុតបើគិតអំពីភូមិសាស្ត្រនិងផលប្រយោជន៍សេដ្ឋកិច្ចពីព្រោះចិនគឺជាប្រទេសជិតខាងក្នុងតំបន់ ជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោកនិងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។
ទី៣៖ ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិនសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អនិងស្អិតល្មួតរវាងប្រទេសនិងប្រជាជនទាំងពីរ។ ស្នូលនៃទំនាក់ទំនងដ៏ល្អនេះគឺឈរលើស្មារតីមិត្តភាពស្មើមុខមាត់គ្នា ផ្តល់តម្លៃឲ្យគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
ទី៤៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនមិនមែនមានន័យថា កម្ពុជាបោះបង់ប្រទេសដទៃនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជារីករាយស្វាគមន៍និងរាប់អានមិត្តបរទេសគ្រប់ទិសទីដោយមិនប្រកាន់ថា ប្រទេសតូចឬធំ មានឬក្រឡើយ ពោលគឺកម្ពុជាផ្តល់តម្លៃជាមិត្តភាពស្មើៗគ្នាជាមួយបណ្តាបរទេសទាំងអស់ក្នុងពិភពលោក និងក៏ប្រាថ្នាចង់បានមកវិញនូវការផ្តល់តម្លៃបែបនេះដូចគ្នាដែរពីសំណាក់មិត្តបរទេសក្នុងនាមជារដ្ឋអធិបតេយ្យមួយ។
ទី៥៖ បច្ចុប្បន្ន ប្រទេសនានាក្នុងពិភពលោកសុទ្ធតែមានទំនាក់ទំនងជាមួយចិននិងប្រាថ្នាចង់ឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ កម្ពុជាដែលជាប្រទេសតូចមួយក្នុងតំបន់ក្បែរខាងចិនក៏ត្រូវពូនជ្រុំទំនាក់ទំនងល្អជាមួយចិនដើម្បីផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរ។ នេះគឺជាជម្រើសដ៏ឆ្លាតវៃនិងសមស្របបំផុតសម្រាប់កម្ពុជានិងមិនធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រទេសណាមួយឡើយ៕
(ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល)