រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។
សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។
ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។
ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ៕