ខេត្តពោធិសាត់៖ ឯកឧត្តមលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញនិងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងបានចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០។
តាមរបាយការណ៍ពីក្រុមការងារបច្ចេកទេសនៅពេលចុះពិនិត្យបានឲ្យដឹងថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីADB បានចាប់ផ្តើមក្នុងខែឧសភាឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៨០% លើផែនការកំណត់ ។
សូមជម្រាបថាក្រោយពេលសាងសង់រួចប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ មានលទ្ធភាពធានាដល់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ១៦.១០០ហិកតា និងស្រូវប្រាំង ៤.៥០០ហិកតាព្រមទាំងផ្ដល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឲ្យមានទឹកប្រើខួបប្រាំងខួបវស្សា ផងដែរ ។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុកក្រោមកិច្ចសហការល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវបញ្ចប់ ដើម្បីធានាគុណភាពសំណង់ខាងលើបានប្រើប្រាស់យូរអង្វែងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕