ការធ្វើអាជីវកម្មគ្រំក្រឡាហូល នៅក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាពក្នុងរដូវពងកូនចាប់ពីថ្ងៃទី០១ខែកញ្ញារហូតដល់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចុះថ្ងៃទី១៥ខែសីហាឆ្នាំ២០២២។
ក្នុងសេចក្តីជូនដំណឹងនេះ ក៏បានអំពាវនាវទៀតថា សូមបងប្អូនប្រជានេសាទទាំងអស់ចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីថែរក្សាការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ លើកឡើងថា៖ ៉ការនេសាទគ្រំក្រឡាហូលជាលក្ខណៈគ្រួសារ អាចធ្វើបាននៅគ្រប់រដូវ តែសម្រាប់ការនេសាទធ្វើអាជីវកម្មត្រូវបានឱ្យផ្អាករយៈពេល២ខែ ក្នុងពេលគ្រំក្រឡាហូលពងកូន ដែលមានច្រើននៅឆកវាលរេញ និងឆកកំពង់សោម"៕
