កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការព្រមានទៅដល់បណ្តាម្ចាស់គ្រឹះស្ថានផ្តល់ឥណទាននានា ក៏ដូចជាក្រុមហ៊ុនទទួលបញ្ចាំ ដែលបន្តទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់ ឬសៀវភៅគ្រួសារ ធ្វើជាទ្រព្យបញ្ចាំ និងធានាដល់ការផ្តល់ឥណទាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាប់ ព្រោះជាសកម្មភាពប្រាសចាកពីច្បាប់កំណត់។ 

ដោយសង្កេតឃើញមានភាពមិនប្រក្រតី និងតែងកើតមានជាញឹកញាប់ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការចុះហត្ថលេខាដោយពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីពេលកន្លងទៅនេះមានប្រជាពលរដ្ឋបានធ្វើការដាក់ពាក្យប្ដឹង និងស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ក៏ដូចជាសៀវភៅស្នាក់ សៀវភៅគ្រួសារ ក្រោមហេតុផលថា ជ្រុះបាត់។ ចំពោះករណីនេះ ត្រូវបានមន្ត្រីជំនាញសិក្សា និងរកឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ទៅដាក់បញ្ចាំ ដើម្បីជាថ្នូរនឹងការទទួលបានឥណទាន។ 

ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានធ្វើការបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ក៏ដូចជាសៀវភៅស្នាក់នៅជាប្រភេទលិខិតយថាភូត (មិនមែនជាទ្រព្យសម្រាប់ដាក់បញ្ចាំ ឬធានាដល់ប្រតិបត្តិការឥណទាន) ដែលចេញដោយអជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល សម្រង់ស្ថិតិប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ដូចជា ការបញ្ជាក់ទីលំនៅ ការបញ្ជាក់ពីសហព័ន្ធ ការស្វែងរកការងារ ការធ្វើប័ណ្ណបើកបរ ការចុះឈ្មោះបោះឆ្នោត និងសម្រាប់ប្រើប្រាស់ដើម្បីអត្ថប្រយោជន៍ផ្សេងៗទៀត។ 

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការណែនាំដល់បណ្តាគ្រឹះស្ថានផ្តល់ប្រតិបត្តិការឥណទាន ឬប្រាក់កម្ចីនានា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ចំពោះការទទួលយកលិខិតយថាភូតដូចបានរៀបរាប់ខាងលើនេះ សម្រាប់ជាវត្ថុបញ្ចាំ ឬធានាដល់ការផ្តល់ឥណទាន។ ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋ គម្បីថែរក្សាទុកនូវលិខិតយថាភូត ទាំងនេះឱ្យស្ថិតស្ថេរ និងប្រើជាប្រយោជន៍ដែលស្របទៅតាមច្បាប់កំណត់ ជៀសវាងទទួលរងនូវការពិន័យធ្ងន់ធ្ងរតាមច្បាប់ និងបទបញ្ញត្តិជាធរមាន៕