បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្ទើរតែគ្រប់វិស័យសុទ្ធសឹងតែប្រើប្រាស់ឧបករណ៍ជឿនលឿនសម្រាប់ជំនួយទៅដល់ការបំពេញកិច្ចការងារនិងការសិក្សាជាដើម។​ ត្រឡប់មកវិញតើលោកអ្នកដឹងទេ? ការនៅមុខពន្លឺកុំព្យូទ័រដោយគ្មានវិធីសាស្ត្រការពារវា អាចធ្វើឱ្យមានបញ្ហាដល់ចក្ខុវិស័យរបស់អ្នកបានយ៉ាងឆាប់រហ័ស។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងបង្ហាញពីគន្លឹះមួយចំនួន ដើម្បីការពារភ្នែកពីប្រព័ន្ធអេឡិចត្រូនិចមកកាន់អ្នកជាពិសេសសម្រាប់អ្នកដែលចង់ថែរក្សាកែវភ្នែកតាំងពីនៅវ័យក្មេងផងដែរ។

១.ការរក្សាចម្ងាយ៖ នៅពេលដែលអ្នកនៅទល់មុខពន្លឺកាំរស្មីអេឡិចត្រូនិច តាមរយៈការរៀនអនឡាញ ឬបំពេញកិច្ចការងារនៅតាមផ្ទះជាដើម អ្នកគួរតែរក្សាគន្លាតរបស់ខ្លួនឲ្យចម្ងាយបន្តិចចេញពីពន្លឺកុំព្យូទ័រយ៉ាងហោចណាស់កន្លះម៉ែត្រពីកុំព្យូទ័រ ទូរស័ព្ទដៃ និងiPad -ល-។ ការធ្វើបែបនេះគឺដើម្បីធានាបាននូវសុវត្ថិភាពភ្នែករបស់អ្នកមិនឱ្យពន្លឺជះចូលក្នុងភ្នែកខ្លាំងពេកដែលជាហេតុអាចបណ្តាលធ្វើឱ្យភ្នែកស្រវាំង ឬងាយឈឺក្នុងពេលធ្វើការងាររយៈពេលយូរ។

២.ពាក់វ៉ែនតាការពារ៖ ក្នុងករីណដែលអ្នកចង់ពាក់វ៉ែនតាជាដំបូងអ្នកត្រូវចេះជ្រើសរើសយកវ៉ែនតាការពារភ្នែកទាំងឡាយណាដែលអាចធ្វើឱ្យភ្នែករបស់អ្នកមើលបានច្បាស់ មិនងាយស្រអាប់ ហើយជាប្រភេទវ៉ែនតាដែលមានកញ្ចក់ជួយការពារ ហើយសមស្របជាមួយសុខភាពភ្នែករបស់អ្នកថែមទៀតផង។

៣.សម្លឹងរុក្ខជាតិបៃតង៖ ដូចគ្នាជាមួយក្រពះដែរ ដោយក្រពះអាចឆ្អែតបានតាមរយៈការបរិភោគអាហារហើយអាហារទាំងអស់នេះនឹងជួយបំពេញតួនាទីឲ្យរូបរាងកាយរបស់យើង ដោយធ្វើឱ្យអ្នកមានកម្លាំងកំហែងពេញមួយថ្ងៃ ។ តែយ៉ាងណាមិញចំពោះភ្នែករបស់អ្នកវិញអាចឆ្អែតបានតាមរយៈការក្រឡេកមើលទៅរុក្ខជាតិនានាដែលមានពណ៌បៃតង និងផ្កាចម្រុះពណ៌ស្រស់ដែលនៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះហើយនៅពេលដែលអ្នកបំពេញការងារនៅមុខកុំព្យូទ័រយូរពេកបន្ទាប់មកអ្នកមានអារម្មណ៍ធុញថប់ អ្នកអាចចោលភ្នែកសម្លឹងទៅកាន់រុក្ខជាតិទាំងនោះបាន ឬអាចសម្លឹងទៅឱ្យឆ្ងាយមួយសន្ទុះ រួចសឹមបន្ដការងារទៅទៀត។ 

៤.ទីកន្លែងមានផាកសុខភាព៖ អ្នកគួររៀបចំកន្លែងធ្វើការរៀនសូត្រឱ្យបានស្អាត មានរៀបរយ មានរុក្ខជាតិចម្រុះ ខ្យល់ចេញចូលបានគ្រប់គ្រាន់ និងទីកន្លែងធំទូលាយសម្រាប់បំពេញកិច្ចការងារ។ ម្យ៉ាងវិញទៀតការដាក់តាំងកូនរុក្ខជាតិតូចៗនៅជិតកន្លែងធ្វើការ វានឹងអាចជួយឲ្យអ្នកកាត់បន្ថយភាពតានតឹងឈឺក្បាល និងគ្រប់គ្រងការផ្ចង់អារម្មណ៍បានល្អ។​

៥.របបអាហារ៖ 

ការទទួលទានរបបអាហារបានត្រឹមត្រូវអាចជួយភ្នែកអ្នកពីខាងក្នុង ឱ្យភ្នែកមានសុខភាពល្អមិនឆាប់ស្រវាំងប្រឆាំងជាមួយពន្លឺ ហើយថែមទាំងទទួលបានកែវភ្នែកស្អាតទៀតផង។ ប្រភេទអាហារមួយចំនួនដែលជាជំនួយដល់ភ្នែកមានដូចជា ការ៉ុត ស៊ុត គ្រាប់អាល់ម៉ុន បន្លែស្លឹកពណ៌បៃតង ដំឡូងជ្វា ផ្កាខាត់ណាពណ៌ខៀវ ស្រូវសាឡី គ្រាប់សណ្ដែក ប៉េងប៉ោះនិងត្រីសាល់ម៉ុង។

ដូច្នេះហើយអ្នកគួរតែរក្សាសុខភាពភ្នែករបស់អ្នកឱ្យមានសុខភាពល្អ ព្រោះថាសុខភាពភ្នែកពិតជាមានសារៈសំខាន់ណាស់។ យ៉ាងណាមិញការថែរក្សាភ្នែកកុំឱ្យមានបញ្ហា ល្អជាងការកើតនូវបញ្ហាហើយទើប ស្វះស្វែងរកការព្យាបាលជាក្រោយ។ សរុបរួមមកវិញ៥ចំណុចនៅខាងលើនេះគឺជាវិធីសាស្រ្តដើម្បីទប់ស្កាត់ការកើតមាននៅបញ្ហាភ្នែកដែលវាមានភាពងាយស្រួល ប៉ុន្តែតម្រូវឱ្យយើងអនុវត្តជាប្រចាំថ្ងៃទើបភ្នែកមានសុខភាពល្អ៕