ការដុសធ្មេញគឺជាទម្លាប់ដ៏ល្អដើម្បីធ្វើឱ្យមាត់ធ្មេញរបស់អ្នកមានសុខភាពល្អ។ ប៉ុន្តែអ្នកក៏ត្រូវដឹងពីពេលវេលានៃការដុសធ្មេញផងដែរ ជាពិសេសមិនត្រូវដុសធ្មេញភ្លាមក្រោយផឹកទឹក៤ប្រភេទខាងក្រោមឡើយ ព្រោះវានឹងធ្វើឱ្យខូចធ្មេញ និងប៉ះពាល់សុខភាពមាត់ធ្មេញទាំងមូលទៀតផង។

មិនត្រូវដុសធ្មេញភ្លាម ក្រោយផឹកកាហ្វេទឹកក្រូច ភេសជ្ជៈដែលមានជាតិសូដា ឬទឹកដែលមានជាតិក្រូចឆ្មារ ឬក្រូចខ្វិចឡើយ

ភេសជ្ជៈទាំង៤ប្រភេទនេះសម្បូរទៅដោយជាតិអាស៊ីតដែលអាចធ្វើឱ្យប៉ះពាល់សុខភាពមាត់ធ្មេញបាន។ ទន្តបណ្ឌិតMadison Kaplan មកពីរដ្ឋកាឡីហ្វ័រញ៉ាសហរដ្ឋអាមេរិកបានលើកឡើងថា ប្រសិនបើអ្នកដុសធ្មេញក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីផឹកភេសជ្ជៈទាំងនេះ​វានឹងបណ្តាលឱ្យសឹកសម្បកធ្មេញ។ ​

ទន្តបណ្ឌិតរូបនេះបានពន្យល់ថា “ទោះបីជាសម្បកធ្មេញគឺជាសរីរាង្គដ៏រឹងបំផុត​នៃរាងកាយរបស់អ្នកក៏ដោយ តែសកម្មភាពនៃការដុសសម្អាតឬប៉ះពាល់មិនត្រឹមត្រូវអាចធ្វើឱ្យធ្មេញមិនរឹងមាំ ឬខូចបាន” ។ សរសៃច្រាសពេលដុសធ្មេញភ្លាមៗនោះ អាចធ្វើឱ្យជាតិអាស៊ីតជ្រៀតចូលទៅក្នុងប្រហោងធ្មេញដែល​បណ្តាលឱ្យខូច​ជារៀងរហូត។

អ្វីដែលអ្នកគួរធ្វើដើម្បីឱ្យធ្មេញនៅតែមានសុខភាពល្អគឺរង់ចាំហោចណាស់១ម៉ោង

ការស្រាវជ្រាវពីបណ្ណាល័យជាតិនៃវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិកបានរកឃើញថា ធ្មេញរបស់មនុស្សអាចនឹងត្រូវបានការពារល្អឡើងវិញ ក្នុងរយៈពេលពី៣០ ទៅ៦០នាទី ក្រោយទទួលទានឬផឹកគ្រឿងដែលមានជាតិអាស៊ីត។ ប៉ុន្តែប្រសិនបើអ្នកមិនចង់រង់ចាំយូរ អ្នកអាចផឹកទឹក ខ្ពុរមាត់ ឬទំពាស្ករកៅស៊ូដែលមានជាតិស្ករទាបបំផុតដើម្បីសម្អាតជាតិអាស៊ីតចេញពីធ្មេញរបស់អ្នកជាមុនសិន៕