រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័របន្ទះ (Tablets) ក្រោមការឧបត្ថម្ភដោយមន្ទីរអប់រំទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ជូនសាលារៀនជ័យលាភីចំនួន០៧ សម្រាប់ទៅប្រើប្រាស់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ជាពិសេសជំនួយដល់ការបង្រៀន និងរៀនតាមអេឡិចត្រូនិក និងពីចម្ងាយក្នុងបរិការណ៍កូវីដ-១៩ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Lee Hyuk-sang ភារធារីនៃស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ការជ្រើសរើសគ្រឹះស្ថានសិក្សាសាធារណៈ ដែលត្រូវទទួលបានកុំព្យូទ័រក្រោមជំនួយឧបត្ថម្ភពីមន្ទីរអប់រំក្រុងប៊ូសាន ត្រូវបានធ្វើឡើងតាមរយៈការដាក់ពាក្យស្នើសុំមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងបានឆ្លងកាត់ការធ្វើសម្រាំងបញ្ជី និងការធ្វើបទបង្ហាញជូនគណៈកម្មការវាយតម្លៃដាក់ពិន្ទុ ដើម្បីធ្វើការសម្រេចចុងក្រោយ។
គ្រឹះស្ថានសិក្សាសាធារណៈជ័យលាភីនីមួយៗទទួលបានកុំព្យូទ័របន្ទះ (Tablet) ថ្មី ម៉ាក Samsung ចំនួន ៣០គ្រឿង រួមជាមួយស្រោមសម្រាប់ការពារ និងទូសាកថ្មឆ្លាតវៃចំនួន០១ ផងដែរ ដែលគិតជាទឹកប្រាក់សរុប ១១,៣៧២.២៩ ដុល្លារអាមេរិក។
គ្រឹះស្ថានសិក្សាសាធារណៈជ័យលាភីទាំង០៧ ដែលទទួលបានរួមមាន៖
១. វិទ្យាល័យ អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
២. វិទ្យាល័យ បាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់
៣. វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
៤. វិទ្យាល័យ ជា ស៊ីម សន្ធរមុខ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៥. វិទ្យាល័យ សំរោងពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ
៦. វិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទី ខេត្តតាកែវ
៧. វិទ្យាល័យ ព្រះបិតាជាតិ ស្រុកកំពង់ត្រាច ខេត្តកំពត
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណដល់ក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ តាមរយៈមន្ទីរអប់រំទីក្រុងប៊ូសាន ដែលតែងតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គភាពជំនាញក្រសួងក្នុងការចូលរួមគាំទ្រលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃវិស័យអប់រំបែបឌីជីថលនៅកម្ពុជារយៈពេលជាង១៦ឆ្នាំកន្លងមក តាមរយៈការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការផ្ដល់នូវឧបករណ៍បច្ចេកទេស ICT ដល់ក្រសួង និងសាលារៀននៅកម្ពុជា។
ឯកឧត្ដម បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការក៏ល្អនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវគួរឲ្យកត់សម្គាល់នូវការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាននៅក្នុងការបង្រៀន និងរៀននៅតាមសាលារៀន ជាក់ស្តែងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលក្រសួងតែងតែយកចិត្តទុកដាក់ និងបានដាក់ចេញនូវយន្តការសំខាន់មួយចំនួន ដើម្បីធានាបានថាការសិក្សានៅអាចបន្តបាន ទោះបីសាលារៀនត្រូវបានបិទទ្វារមួយរយៈក៏ដោយ។
ដូចនេះ ឯកឧត្ដមបានផ្ដល់អនុសាសន៍ណែនាំដល់គ្រឹះស្ថានជយលាភីទាំង០៧ ឲ្យខិតខំលើកកម្ពស់កម្រិតចំណេះដឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សកាន់តែប្រសើរឡើងថែមទៀត តាមរយៈការប្រើប្រាស់ឧបករណ៍ដែលទទួលបាននេះ។
គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងភាគីកម្ពុជា-កូរ៉េ ត្រូវបានចាប់ផ្ដើមជាមួយគ្នាអស់រយៈពេល១៦ឆ្នាំ គិតត្រឹមឆ្នាំ ២០២១នេះ យោងតាមអនុស្សរណៈកិច្ចសហប្រតិបត្តិការដែលបានធ្វើឡើងក្នុងគោលបំណងចំនួន០៣ រួមមាន៖
១.ការលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជា នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឱ្យមានចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការស្រាវជ្រាវរៀន និងបង្រៀន-រៀន
២. ការបត្ថម្ភនូវបរិក្ខារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា និងសម្ភារៈបច្ចេកទេសចាំបាច់នានា ដើម្បីផ្តល់លទ្ធភាព គ្រប់គ្រាន់ដល់អង្គភាពជំនាញ និងសាលារៀនអាចអនុវត្តនូវការអប់រំបានដោយគុណភាព និង ប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
៣.ការផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍រវាងគ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការនៃភាគី ទាំងពីរ កម្ពុជា-កូរ៉េ៕