សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបប្រមាណជាង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ តាមផែនការផ្លូវល្បឿនលឿនពី ភ្នំពេញ-ក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២។
គម្រោងផ្លូវល្បឿនលឿននេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង៨៩,៨៩ គីឡូម៉ែត្រ។
ផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ ២៤,៥ម៉ែត្រនិងក្រាលបេតុងកៅស៊ូ(AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរ ក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែង មានប្រវែងសរុប១០៥ម៉ែត្រស្ពានធំ និងស្ពានមធ្យមចំនួន៨០កន្លែង មានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះមានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
ទុនដែលប្រើក្នុងការស្ថាបនាផ្លូវនេះ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្ម ស្ពាននិងថ្នល់ចិន(CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕