ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ ជាខេត្តតែមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពក្នុងការដកយកកាកសំណល់ភាគល្អិតបំផុត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពរហូតដល់៦០ភាគរយ មុននឹងបង្ហូចូលទៅក្នុងសមុទ្រ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានដាក់ឱ្យដំណើរ ដោយស្ថានីយទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃ បាន៥.២០០ម៉ែត្រគូប និងស្ថានីយទី២ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀតនៅតំបន់ឆ្នេរអូរឈើទាល ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ក៏នឹងត្រូវសាងសង់ឡើងនាពេលខាងមុខនេះដែរ។
យោងតាមសេចក្តីព្រាងផែនការមេ ដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នបរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ៕