រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ទាំងស្រុងហើយ នូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ «២០កុម្ភៈ» ជាស្ថាពរ ក្រោយពីបានដាក់សម្ភោធឲ្យប្រើប្រាស់ពហុកីឡដ្ឋានមរតកតេជោជាផ្លូវការ កាលពីថ្ងៃទី៩ ធ្នូ ដែលមានអ្នកចូលរួមរហូតដល់១៥០០០នាក់។

សម្តេចតេជោ មានប្រសាសន៍ថា៖ នេះគឺជាជោគជ័យមួយ ឬអាចថា ការកាត់បន្ថយនូវបរាជ័យដោយសារកូវីដ១៩ ដែលខ្ញុំ ព្រះករុណខ្ញុំ តែងតែនិយាយថា គ្មានទេពាក្យជោគជ័យ គ្រាន់តែថា ពាក្យខូចខាតវាមិនធំ។ យើងមិនមានជោគជ័យទេលើជំងឺនេះ តែក៏អាចនិយាយបានថា ជាជោគជ័យនៃការទប់ស្កាត់មិនឱ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ

តួលេខនៃការឆ្លងកូវីដ១៩ ចុងក្រោយនេះគឺស្ថិតនៅក្នុងរង្វង់៧នាក់ ជាច្រើនថ្ងៃជាប់គ្នា ដែលជាចំនួនដ៏ទាបបំផុតចាប់ពីមានព្រឹត្តិការណ៍ឆ្លង២០កុម្ភៈ 

សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយវ៉ាក់សាំង មកដល់ប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៨០៣នាក់ និងស្លាប់សរុបចំនួន ៣,០០៥នាក់។

សម្តេចតេជោ បានបញ្ជាក់ថា៖យើងគ្រាន់តែប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតែជាកិច្ចការបន្តតទៅទៀត៕