ខេត្តព្រះសីហនុ ៖ ផលប៉ះពាល់នៃគម្រោងវិនិយោគ និងអភិវឌ្ឍន៍នៅលើកោះរ៉ុងសន្លឹម ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជារដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍ត្រូវបានបញ្ចប់ការសិក្សាលម្អិត និងផ្តើមដោះស្រាយជាជំហានៗហើយ។
កោះរ៉ុងសន្លឹមមានចម្ងាយពីក្រុងព្រះសីហនុប្រវែង ៣៨ គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅចំនួន ៥ភូមិ ដែលភាគច្រើនប្រកបមុខរបរជានេសាទ និងមានផ្ទៃឌីទំហំ ប្រមាណ ៥០០០ ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១គីឡូម៉ែត្រ។
តាមរយៈអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ឱ្យដឹងនៅថ្ងៃនេះថា នេះគឺគ្រាន់តែជាកិច្ចប្រជុំដោះស្រាយដំបូង ដោយមានការចូលរួមពីតំណាងមកពីក្រសួងរៀបចំដី រដ្ឋបាលខេត្ត តំណាងក្រុងមហ៊ុនវិនិយោគ និងភាគីពាក់ព័ន្ធនានាធ្វើឱ្យយ៉ាងណាដោះស្រាយសំណង់ដែលមិនរៀបរយនៅទីនោះ។
លោក ឃាង ភារម្យ បានប្រាប់ឱ្យដឹងទៀតថា ចំពោះលទ្ធផលបឋម ភាគីទាំងអស់បានសម្រេចចុះទៅប្រមូលទិន្នន័យប្រជាពលរដ្ឋដែលកំពុងរស់នៅជាក់ស្តែងនៅលើទីតាំងជាក់ស្តែង និងកំពុងអាស្រ័យផល។ ជាមួយគ្នានេះ ក៏នឹងចុះស្រាវជ្រាវចងក្រងឯកសារ បទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹង ការវិនិយោគរបស់ក្រុមហ៊ុនឯកជននៅលើកោះរ៉ុងនេះ ហើយក៏នឹងដោះស្រាយផលប៉ះពាល់ទៅលើដីធ្លី ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋមួយចំនួនទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម ប៉ែន សុផល រួមជាមួយនឹងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិភាក្សាដោះស្រាយផលប៉ះពាល់នៅលើទីតាំងវិនិយោគនៅផ្នែកមួយនៃភូមិកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ មានការចូលរួមពី តំណាងក្រសួងជំនាញ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុផងដែរ៕