ខេត្តព្រះសីហនុ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឬផ្លូវហាយវេជីងកាំង គិតរហូតមកដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១នេះ ជាលទ្ធផលសម្រេចបានប្រមាណជាង៣០ភាគរយហើយ ជាមួយនឹងបន្តសកម្មភាពយ៉ាងសកម្ម ដើម្បីអាចបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមអំឡុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក ក្រុមហ៊ុន LIXIN Group បានបញ្ជាក់ថា គំរោងផ្លូវហាយវេជីងកាំង ឬផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ប្រមាណ៣០ភាគរយហើយដោយធ្វើការយោងទៅលើរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ហើយរំពឹងថាគម្រោងនេះនឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី២២ ខែមីនាឆ្នាំ២០២២ខាងមុខនេះ។
បន្ទាប់ពីការបញ្ចប់នូវគំរោងផ្លូវហាយវេជីងកាំង ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុនឹងចំណាយពេលតែ២ម៉ោងប៉ុណ្ណោះ ដោយវានឹងបញ្ចប់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនធ្លាប់មានផ្លូវហាយវេពីមុនមក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ផ្លូវហាយវេជីងកាំងនឹងជួយប្រទេសកម្ពុជាអភិវឌ្ឍឧស្សាហកម្មទំនើប ពង្រឹងសមត្ថភាពផ្លូវថ្នល់ក្នុងស្រុក លើកកម្ពស់ និងការកាត់បន្ថយការចំណាយ រួមជាមួយនឹងការបង្កើនប្រសិទ្ធភាពខ្ពស់នៃការដឹកជញ្ជូនទំនិញ ដែលនឹងជួយជំរុញការអភិវឌ្ឍផ្នែកឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់ផងដែរ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រមាណ ១៩០គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ដោយចាប់ផ្តើមចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ មានផ្លូវបំបែកប្តូរទិសភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន៧កន្លែង មានស្ពានចំនួន១៣២កន្លែង និងកន្លែងឈប់សម្រាក៣កន្លែង ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ ខែ នឹងចាប់ផ្ដើមសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគ្រោងប្រើប្រាស់បាននៅអំឡុងខែមីនា ឆ្នាំ២០២២៕