បុរសជនជាតិខ្មែរមួយរូប ក្នុងចំណោម៤នាក់ ដែលធ្វើការជិតស្និទ្ធជាមួយជនជាតិជប៉ុន មានផ្ទុកវីរុស កូវីត១៩។ នេះបើតាមការលើកឡើង ក្នុងសន្និសីទកាសែតមួយនាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

បុរសជនជាតិខ្មែរមួយរូប ក្នុងចំណោម៤នាក់ដែលធ្វើការជិតស្និទ្ធជាមួយជនជាតិជប៉ុន មានផ្ទុកវីរុស កូវីត១៩។ ការប្រកាសអំពីភាពវិជ្ជមាននៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ក្នុងសន្និសីទកាសែតនាល្ងាចនេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។

រី​ឯមនុស្ស៣នាក់ទៀត ក្នុងចំណោម៤នាក់ ដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែក កាលពីថ្ងៃទី៥មីនា ពុំទាន់មានការឆ្លងរោគសញ្ញានោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមដានរយៈពេល១៤ថ្ងៃបន្តទៀតដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក។

តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា ក៏បានលើកឡើងថា៖ ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ នេះជាករណីដែលរំពឹងទុកជាមុនរួចហើយ ។ កម្ពុជាបានឆ្លើយតបទាន់ពេលវេលានិងរហ័ស។ ប្រជនជនត្រូវរក្សាភាពស្ងៀមស្ងាត់ និងបន្តតាមដានព័ត៌មានផ្លូវការពីក្រសួង។

សូមបញ្ជាក់ថា នេះជា ករណីទី២ហើយនៅកម្ពុជាបន្ទាប់ពីបុរសជនជាតិចិនម្នាក់ ត្រូវបានព្យាបាលជាសះស្បើយរួចហើយនោះ។ ករណីទី២នេះ កើតឡើងលើបុរសជនជាតិខ្មែរដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាបនៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម៕