Image

នៅអត្ថបទមុន ប្រិយ៍មិត្តបានស្វែងយល់ខ្លះពីស្មារតីនៃអ្នកដឹកនាំ។ សម្រាប់អត្ថបទនេះ នឹងបង្ហាញអំពីសមត្ថភាពអ្នកដឹកនាំវិញម្តង។ តាមរយៈវគ្គទី២ដដែល ស្តីពី”សមត្ថភាព និងស្មារតីអ្នកដឹកនាំ”នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី “ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”ដែលលោក ពឹង គិមឆេន ជាគ្រូឧទ្ទេស នៅចំណុចសមត្ថភាពនៃអ្នកដឹកនាំលោកបានលើកឡើងនូវ៦ចំណុច ជាផ្នែកសំខាន់នៃសមត្ថភាពអ្នកដឹកនាំគួរមានតាមរយៈបទពិសោធរបស់ខ្លួន។ ៦ចំណុចនៃសមត្ថភាពអ្នកដឹកនាំ ដែលលោកបានលើកឡើងមានដូចជា៖

. មានចំណេះដឹងពិត

ពិតប្រាកដណាស់ ចំណេះពិតប្រាកដមួយ ច្បាស់លាស់ជាអត្តសញ្ញាណសំខាន់នៃអ្នកដឹកនាំមួយរូប។ មានន័យថា មេដឹកនាំ មានសមត្ថភាពគុណវុឌ្ឍគ្រប់គ្រាន់ ក្នុងវិស័យណាមួយ វិជ្ជាណាមួយ ជាក់ច្បាស់។ ភាពប្រាកដ ចំណេះដឹងច្បាស់ក្នុងវិស័យមួយដូច្នេះសមត្ថភាពដឹកនាំ របស់មេដឹកនាំនោះ ជាសមត្ថភាពមួយដែលខ្ពង់ខ្ពស់ ដែលយើងអាចដឹងពីលទ្ធផលជោគជ័យក្នុងការដឹកនាំរបស់ពួកគេ។

. មានគំនិតច្នៃប្រឌិត

គំនិតច្នៃប្រឌិតក៏ជាធាតុសំខាន់នៃសមត្ថភាពអ្នកដឹកនាំមួយរូបផងដែរ។ មានគំនិតប្លែកថ្មីៗ នឹងអាចប្រើគំនិតនោះទៅអនុវត្តចេញជាលទ្ធផល។ មេដឹកនាំ ដែលពោរពេញដោយភាពច្នៃប្រឌិត គំនិតប្លែកៗ ច្បាស់ណាស់ថាពួកគេមានសមត្ថភាពពិសេសមួយ ដែលចេះច្នៃបរិយាកាសការងារក្នុងទម្រង់ថ្មី សម្រេចបានលទ្ធផលថ្មីនិងដោយប្រសិទ្ធិភាពទៀតផង។

. មានគុណភាពប្រពៃ

មេដឹកនាំប្រកបដោយសមត្ថភាព ច្រើនផ្តោតទៅលើគុណភាពទោះនៅក្នុងទំហំបរិមាណណាមួយក៏ដោយ។ ចំណុចនេះមានន័យថា មេដឹកនាំដោយសមត្ថភាព តែងផ្តោតយកចិត្តទុកដាក់ទៅលើការងារ ធ្វើយ៉ាងណា ធ្វើឱ្យកិច្ចការនោះមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។

Image

. មានបច្ចេកវិជ្ជាទំនើប

សម័យបច្ចុប្បន្ន ដែលទំនើប ពេញដោយបច្ចេកវិទ្យា ដូច្នេះមិនអាចមើលរំលងហួសបានឡើយ។ជាមេដឹកនាំក្នុងសម័យថ្មីនេះ ដែលពេញដោយសមត្ថភាព មិនបាច់បរិយាយច្រើនគឺចំណេះដឹងផ្នែកបច្ចេកវិទ្យា គឺត្រូវតែមាន ដើម្បីប្រើប្រាស់ក្នុងភាពវៃឆ្លាតមួយ ដែលអាចប្រកួតប្រជែងនិងទិសដៅទទួលបានលទ្ធផលច្រើន ចំណេញពេលវេលា រហ័ស និងប្រសិទ្ធិភាព។

. មានចំណេះធ្វើប្រាកដ

មានសញ្ញាបត្រ ប៉ុន្តែសញ្ញាឃើញ ក៏ត្រូវតែមានទើបបញ្ជាក់ពីសមត្ថភាពពិតប្រាកដរបស់អ្នកដឹកនាំ។ ចំណុចនេះសម្តៅលើការមានសមត្ថភាពអាចធ្វើបាន អាចអនុវត្តបាន ចេញជាលទ្ធផល ដែលមេដឹកនាំគួរតែមាន។សញ្ញាបត្រពីគ្រឹះស្ថានសិក្សា មិនអាចបញ្ជាក់ពីសមត្ថភាពពិតប្រាកដនោះឡើយ ដរាបណាចំណេះធ្វើពិត លទ្ធផលពិត ចេញពីមេដឹកនាំនោះផ្ទាល់។

. មានបទពិសោធន៍គ្រប់គ្រាន់

បទពិសោធន៍ គឺត្រូវការ ការប្រឡូក និងសន្សំក្នុងពេលវេលាគ្រប់គ្រាន់មួយ។ដូចនេះ អ្នកដឹកនាំដែលវៃឆ្លាត និងប្រកបដោយសមត្ថភាព​ ច្បាស់ណាស់ បទពិសោធផ្ទាល់ គឺមិនអាចមើលរំលងបាន។ដែលតម្រូវឱ្យអ្នក ក្នុងឋានៈជាអ្នកដឹកនាំ ត្រូវចំណាយពេល ស្វះស្វែងសិក្សាស្វែងយល់មិនប្រហែស ទើបទទួលបានចំណេះដឹង បទពិសោធ ពិតប្រាកដមួយដែលគេអាចរំពឹងទុកនូវលទ្ធផលវិជ្ជមាន និងនាំឱ្យគេឱ្យឈ្មោះថាជាអ្នកដឹកនាំពេញដោយសមត្ថភាពពេញលេញ៕