(ក្រុងប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន បានអះអាងថា មិនមានករណីឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយត្រូវបានរកឃើញទៀតនោះទេ ដែលនេះជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ នេះបើតាមគណៈកម្មការជាតិសុខាភិបាលចិន (NHC) ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CGTN របស់ប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
បើតាម NHC ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ ប៉ុន្តែទន្ទឹមគ្នាអ្នកឆ្លង COVID-19 ចំនួន ៣៤ករណី ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកដែលបានឆ្លងនៅឯបរទេស ហើយធ្វើដំណើរមកប្រទេសចិន។
បន្ថែមពីលើនេះទីក្រុងវ៉ូហាន នៃខេត្ត Hubei ដែលជាចំណុចចាប់ផ្ដើមផ្ទុះឡើង នៃវីរុសកូរ៉ូណាក៏បានអះអាងថា មិនមានករណីឆ្លងថ្មីណាមួយនោះដែរ ជាលើកដំបូងបំផុតចាប់តាំងពីវីរុសនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩៕