ខេត្តសៀមរាប៖ ក្រោយពីមានការរិះគន់ពីសាធារណៈជន និងវិស័យឯកជនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋក្នុងទីក្រុងទេសចរណ៍ដ៏ល្បីនេះ ពីសភាពទ្រុឌទ្រោមគ្មានការថែរទាំនាពេលកន្លងមក ក្រសួងបានឆ្លើយតប គ្រោងចំណាយថវិកាប្រមាណ១៥លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួសជុលផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ១១ខ្សែនៅក្នុងខេត្តសៀមរាប ដើម្បីផ្លាស់ប្តូរមុខមាត់ ខេត្តមួយនេះឱ្យស័ក្កិសមជាខេត្តទេសចរណ៍មួយយ៉ាងសំខាន់។
លោកស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការងារជួសជុលនិងថែទាំផ្លូវថ្នល់ក្នុងខេត្តសៀមរាបកាលពី៦ ខែវិច្ឆិកាកន្លងមកថាកិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សារកនីតិវិធីក្នុងការស្តារផ្លូវថ្នល់ដែលខូចខាតទ្រុឌទ្រោមដោយកត្តាផ្សេងៗ ពិសេសការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់សំដៅធានាឱ្យការគ្រប់គ្រងផ្លូវថ្នល់មាន ប្រសិទ្ធភាពខ្ពស់និងឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅក្នុងខេត្តនេះ។
លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីពាក់ព័ន្ធ កែសម្រួលនីតិវិធីជួសជុលផ្លូវដើម្បីស្តារ កសាង និងជួសជុលថែទាំបណ្តាញផ្លូវថ្នល់នានាឱ្យបានល្អជាងមុនដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនិងបានសំណូមពរឱ្យធ្វើរបាយការណ៍រួមមួយដាក់ជូនរាជរដ្ឋាភិបាល៕