ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានចេញសេចក្តីព្រមាន អំពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះ និងបន្តទៅមុខទៀត។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានថ្លែងថា៖ «យើងឈរនៅមាត់ជ្រោះ នៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្កឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាក ក្នុងការគ្រប់គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុងធ្វើការការប្រដេញគ្នាជាមួយមេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើង ប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ»។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តទៀតថា៖ យើងយល់យ៉ាងច្បាស់ ចំពោះសារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់ប្រជាជនកម្ពុជានិងទទួលស្គាល់នូវការដឹកនាំដ៏រឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចិត្តដ៏លំបាក ក្នុងការរឹតត្បិតការធ្វើដំណើរ។ ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព នៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ហើយពលរដ្ឋម្នាក់ៗ ត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត។
វ៉ាក់សាំងការពារលោកអ្នកមិនឲ្យឈឺធ្ងន់ធ្ងរ និងមិនចាំបាច់ចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែលោកអ្នកនៅតែអាចឆ្លង ហើយនិងចម្លងជំងឺទៅអ្នកផ្សេងទៀត។ បើទោះជាលោកអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏លោកអ្នកគួរតែបន្តនៅផ្ទះព្រោះផ្ទះជាកន្លែងដែលមានសុវត្ថិភាពបំផុត។នេះជាការពន្យល់របស់ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន៕