រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៦មីនា នេះ បានបង្ហាញពីករណីឆ្លងកូវីដ១៩កើនឡើងចំនួន ៩៦នាក់ និងអ្នកជាសះស្បើយ ១៨នាក់ ។​ ហើយក៏ការសោកស្ដាយដែរ ដោយមានអ្នកជម្ងឺកូវីដ ៣នាក់ស្លាប់ត្រូវបានរាប់ក្នុងថ្ងៃទី ២៥មីនា។​

ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ ពីករណីឆ្លងសហគមន៍២០កុម្ភៈ​ដែលមានទ្រង់ទ្រាយធំ  និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង។ គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៨៨៤នាក់។ ហើយទីតាំងដែលត្រូវកំណត់ថា មានហានិភ័យខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។

បុរសជនជាតិខ្មែរវ័យ៥៥ឆ្នាំ បានស្លាប់នាយប់ទី ២៥មីនា ត្រូវបានបញ្ជាក់នាព្រឹកនេះថា មានតួនាទីជាមន្រ្តីនគរបាល គាត់ធ្លាក់ខ្លួនឈឺ ៣ទៅ៤ថ្ងៃមុន និងត្រូវបានចូលសម្រាកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ២៥មីនា ម៉ោង៣រសៀល និងលទ្ធផលតេស្ដកូវីដ១៩ បានបង្ហាញថាគាត់វិជ្ជមានកូវីដ នៅពេលយប់។ ដោយអាការៈធ្ងន់ធ្ងរពេក ហត់ដង្ហក់ខ្លាំង គាត់ត្រូវបានទទួលមរណភាព នៅយប់ថ្ងៃដដែល។  

សូមបញ្ជាក់ដែរថា ករណីស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨នាក់ហើយ ដែលក្នុងនោះមានជនជាតិខ្មែរ ៧នាក់ និងជនជាតិចិនម្នាក់៕