រាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា ចំនួន ២,០២ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៧៤% នៃពិដានច្បាប់ដែលបានអនុញ្ញាត ដែលភាគច្រើនជាកម្ចីក្របខណ្ឌទេ្វភាគី ៥៥%។
កម្ចីទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់ហិរញ្ញប្បទាន លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយការណ៍នៃស្ថានភាពបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០មីនា២០២១។
ក្នុងនោះ វិស័យដែលគ្របដណ្ដប់ច្រើនជាងគេ គឺវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រមាណ៦៤% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ៣៦%។
សូមជម្រាបជូនដែរថា ចាប់តាំងពីឆ្នាំ ១៩៩៣មក រហូតដល់ដំណាច់ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៥,៤ប៊ីលានដុល្លារអាមេរិក ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រមាណ៨៤%៕