រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី១មេសា នេះបានបង្ហាញពីករណីឆ្លងកូវីដ១៩កើនឡើងចំនួន ៣៧នាក់ និងអ្នកជាសះស្បើយ ៤៩នាក់ និងអ្នកទទួលមរណភាពក្នុងថ្ងៃ៣១មីនា មានចំនួន៣នាក់។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជា ត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈដែលចំនួនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេស បានកើនដល់ជាង ២.៦សែននាក់ និងក្រសួងការពារជាតិ ១.៤សែននាក់ នៅបន្តចាក់ជាបន្តបន្ទាប់។ 

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​១២១៩នាក់ និងអ្នកដែលបានជាសះស្បើយ ១២៤០នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តព្រៃវែង។

ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប១៤នាក់ ហើយដែលក្នុងនោះមានជនជាតិខ្មែរ ១៣នាក់ និងជនជាតិចិនម្នាក់ ដែលភាគច្រើននៃអ្នកស្លាប់គឺជាស្រ្ដី៕