(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៨ កម្ពុជានាំចេញជ័រកៅស៊ូចំនួន១៨៧,៧០៣តោន កើតឡើង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ តម្លៃកៅស៊ូបានធ្លាក់ចុះផងដែរ ដោយតម្លៃជាមធ្យមក្នុងរយៈពេល១១ខែកន្លងមកនេះ ក្នុងកម្រិត១,៣៣៦ដុល្លារអាមេរិក ក្នុង១តោន ធ្លាក់ចុះ១៧ភាគរយ។
របាយការណ៍នេះ បញ្ជាក់ថា ការនាំចេញជ័រកៅស៊ូ សរុបចំនួនជាង១៨ម៉ឺនតោន ផ្ដល់ចំណូលដល់កម្ពុជា ជាង២៥០លានដុល្លារអាមេរិក។ កៅស៊ូរបស់កម្ពុជានាំចេញទាំងស្រុង ទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជិត៤៣ម៉ឺនហិកតា ក្នុងផ្ទៃដីដែលចៀរជ័របានមាន២០ម៉ឺនហិតកា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំងជាង២២ម៉ឺនហិកតា ស្មើនឹង៥៣ភាគរយ ហើយក្រុមហ៊ុនដែលកំពុងរកស៊ី និងដាំដុះកៅស៊ូនៅកម្ពុជាចំនួន១២៩ក្រុមហ៊ុន ក្នុងនោះមាន៣០ក្រុមហ៊ុនហើយដែលប្រមូលផល និងធ្វើការនាំចេញ៕