ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចុះផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូទីងស៊ីង មានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃ១៦ធ្នូ ក្រោយរកឃើញមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងខាងលើ។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។
កាស៊ីណូនេះ ក៏មិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងលេខ៩០៧/២១សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយផងដែរ។
ក្នុងអំឡុងពេលនេះ អាជ្ញាធរមានសមត្ថកិច្ច មិនបានអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅជាឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និយោជិតរួចរាល់សិន៕