ប្រទេសអាឡឺម៉ង់៖ ក្រុមប្រទេសធំទាំង៧ (G7) កាលពីថ្ងៃអាទិត្យបានសន្យាថានឹងរៃអង្គាសទុនប្រមាណ ៦០០ពាន់លានដុល្លារអាមេរិក ពីមូលនិធិឯកជននិងរដ្ឋ ក្នុងរយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ប្រទេសក្រីក្រ ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការអនុវត្តន៍គម្រោង "ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគជាសកល" ដែលត្រូវបានគេមើលឃើញថា ជាការយកគំរូនិងប្រជែងជាមួយគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន។

គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន បានដាក់ដំណើរការកាលពីអំឡុងឆ្នាំ​២០១៣ ដែលបច្ចុប្បន្នមានពាក់ព័នញជាង១០០ប្រទេស ពីអាស៊ី ដល់អឺរ៉ុប។

ប្រធានាធិបតីអាមេរិក លោក ចូ លើកឡើងថា៖ សម្រាប់សហរដ្ឋអាមេរិក នឹងកៀងគរលុយ ២០០ពាន់លានដុល្លារ ពីជំនួយ ពីមូលនិធិសហព័ន្ធ និងពីការវិនិយោគរបស់ឯកជន ដើម្បីគាំទ្រគម្រោងក្នុងប្រទេស ដែលមានចំណូលតិចតួចនិងមធ្យម ដែលអាចជួយដោះស្រាយបញ្ហាវិបត្តិនៃបម្រែបម្រួលធាតុអាកាស ក៏ដូចជាសុខុមាលភាពជាសកល សមភាពយេនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

លោក ចូ បានលើកឡើងថា៖ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា នេះមិនមែនជាជំនួយឬជាសប្បុរសធម៌អីទេ។ វាគឺជាការវិនិយោគ ដែលនឹងផ្ដល់ផលសម្រាប់គ្រប់គ្នា។ នេះនឹងឲ្យប្រទេសជាច្រើនឃើញពីផលប្រយោជន៍ធំធេង នៃការចាប់ដៃគូរជាមួយប្រជាធិបតេយ្យ។

ប្រភពពី សារព័ត៌មាន Reuters