រាជធានីភ្នំពេញ៖ តាមសេចក្ដីជូនដំណឹង ពីក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងពីស្ថានភាពវិវត្តរបស់ប្រព័ន្ធសម្ពាធទាប ដែលបានរំកិលអូសបន្លាយ ឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ បន្តចុះមកភាគខាងជើងប្រទេសកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃ ២៧ ដល់ ២៩ កញ្ញា មានភ្លៀងធ្លាក់រ៉ាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងជាប់មាត់សមុទ្រដែលអាចនឹងមានភ្លៀង ខ្យល់បក់បោកខ្លាំង ។
អាស្រ័យហេតុនេះ សូមសាធារណៈជន មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ អ្នកនេសាទ ៕