រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១ លានដុល្លារ គឺសម្រេចបាន ៧១.៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ២,៦១៧.៨ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៨.០%នៃចំណូលសរុប), អាករពិសេសមាន ២,៥៧០.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៤%នៃចំណូលសរុប), ពន្ធនាំចូលមាន ១,២៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ៣១២.០ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១៣៧.២ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។ 

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២,៨៨២.០ ប៊ីលានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៩៤៨.២ ប៊ីលានរៀល ត្រូវជា ២៨.៣%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,៦២០.៦ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ៤៣០.៧ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប ។

បើពិនិត្យមើលតួលេខទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ មានបម្រែបម្រួលដូចខាងក្រោម៖

• ការនាំចេញសម្រាប់ផលិផលកាត់ដេរមានចំនួន ៨,២៤១.៧ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង ១១.៤% ធៀបនឹងរយៈពេល ៩ខែក្នុង ឆ្នាំ២០២០

• ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិកត្រូនិក បង្គុំខ្សែភ្លើងនិងគ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលឈើប្រណិត ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ៣,៣៧៩.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤០.០ លានដុល្លារអាមេរិក ឬប្រមាណ ៥០.៩% ធៀបនឹងរយៈពេល ០៩ខែ នៃឆ្នាំ២០២០។ តួលេខកំណើននៃការនាំចេញ នៃផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មមូលដ្ឋានវិស័យឧស្សាហកម្មនៅកម្ពុជា និងការវិលត្រលប់មករកភាពល្អប្រសើរនៃទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប

• ការនាំចេញកសិផលមានចំនួន ២,១០៥.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៤៦.៣ លានដុល្លារអាមេរិក ឬស្មើនឹង ៥៤.៩% ក្នុងនោះរួមមាន (១).ការនាំចេញស្រូវមានចំនួន ២,៥២១.៦ ពាន់តោន មានតម្លៃ ៥៩៤.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៤៣៦.៥ពាន់តោន (១៣២.៤%) ឬស្មើតម្លៃ ៣៥៩.៣ លានដុល្លារអាមេរិក (១៥២.៦%), (២).ការនាំចេញអង្ករសម្រេចបាន ៤១៨.៣ តោន មានតម្លៃ ២៨៦.៣ លានដុល្លារអាមេរិក មានការថយចុះ ៨៩ពាន់តោន (១៧.៥%) ឬ ៧៧.១ លានដុល្លារអាមេរិក (២១.២%), (៣).កៅស៊ូនាំចេញមានចំនួន ១៧៤.១ ពាន់តោន មានតម្លៃ ២៦៥.៨ លានដុល្លារអាមេរិក មានការកើនឡើង ៤៨.៣ ពាន់តោន (៣៨.៤%) ឬប្រមាណ ១១១.៦ លានដុល្លារអា-មេរិក (៧២.៣%) និង (៤).កសិផលផ្សេងទៀតមានចំនួន ៤,២៦៩.៤ ពាន់តោន មានតម្លៃ ៩៥៨.២ លានដុល្លារអាមេរិក មានការកើនឡើង ១,១៨៩.៧ ពាន់តោន (៣៨.៦%) ឬប្រមាណ ៣៥២.៥ ពាន់ដុល្លារអាមេរិក (៥៨.២%)។

ទន្ទឹមនឹងការងារប្រមូលចំណូល អគរ ក៏សម្រេចបានលទ្ធផលល្អប្រសើរលើការងារសំខាន់ៗមួយចំនួនទៀត ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដោយអនុលោមតាមយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយឆ្នាំ២០១៩ - ២០២៣។

ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងបរិបទដែលប្រទេសកម្ពុជាយើង ក៏ដូចជាសាកលលោកទាំងមូលកំពុងជួបប្រទះនឹងរោគរាតត្បាតកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានធ្វើការក្រើនរម្លឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន (១).ការពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ ជាពិសេសការអនុវត្តស្របតាមអភិក្រម ៥ ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់, (២).ការលើកកម្ពស់អនុលោមភាពវិស័យឯកជន, (៣).ការពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន, (៤).ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធ, (៥).ការពង្រឹងប្រសិទ្ធភាពការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ, (៦).ការពង្រឹងការអនុវត្តយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង (៧).ការបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការកៀរគរចំណូលប្រកបដោយភាពសកម្ម បុរេសកម្ម ដោយប្រើអស់សក្តានុពលបញ្ញានិងស្មារតីក្នុងការ (១).ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ (២).ពង្រឹងប្រសិទ្ធភាពការងារបច្ចេក-ទេសគយ (៣).បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹម និងបន្ថែសកម្មភាពបង្ការនិងបង្រ្កាបអំពើរត់ពន្ធរថយន្តតាមតំបន់ជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសថៃ (៤).ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ (៥).បន្តអនុវត្តការងារសវនកម្មគយតាមបណ្តាសហគ្រាសមួយចំនួនជាជំហានៗ (៦).ពង្រឹងការងារគ្រប់គ្រងហានិភ័យ (៧).ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម (៨).លើកកម្ពស់អភិបាលកិច្ចល្អក្នុងអង្គភាព និង (៩).ពិនិត្យនិងរៀបចំតារាងពន្ធគយសម្រាប់ឆ្នាំ២០២២ ជាដើម។

សម្រាប់យុទ្ធនាការនៃការប្រមូលពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានរម្លឹកកដល់គ្រប់អង្គភាពគយនិងរដ្ឋាករ ត្រូវបន្តផ្សព្វផ្សាយដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសឱ្យបានទូលំទូលាយ និងត្រូវទទួលស្វាគមន៍ម្ចាស់យានយន្តដែលស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ប្រកបដោយភាពរួសរាយនិងរាក់ទាក់បំផុត។