រាជធានីភ្នំពេញ៖ ក្នុងការអញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់កីឡាករ កីឡាការិនីទាំងអស់ថា ការទទួលបានមេដាយមាស មេដាយប្រាក់ ឬមេដាយសំរឹទ្ធ ឬមិនបានក្តី គឺមិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពច្បាប់នៃការប្រកួត ជាពិសេសហាមដាច់ខាត ការប្រើប្រាស់សារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចាត់ចែងផ្តល់ ជើងហោះហើរពិសេសដឹកប្រតិភូកីឡាប៉ារ៉ាហ្គេមរបស់កម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ទាំងទៅទាំងមកផងដែរ។ 

ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។ 

កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។ ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការទាំងអស់ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។ សម្តេចតេជោបានបញ្ជាក់ថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់បំផុត៕