បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថាដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩កំពុងតែរីករាលដាលជាសកល ប្រទេសថៃបានស្នើសុំបិទ ច្រកព្រំដែនមួយចំនួនជាមួយកម្ពុជា។
ខាងភាគីថៃបានស្នើរសុំបិទច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត រយៈ១៤ថ្ងៃគិតចាប់ពីម៉ោង ៦ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដល់ម៉ោង ១០យប់ ថ្ងៃទី៥ខែមេសា ឆ្នាំ២០២០ដោយអនុញ្ញាតអោយតែរថយន្តដឹកទំនិញធុនធំចេញចូលតែប៉ុណ្ណោះ។
ក្នុងសេចក្ដីជូនដំណឹង ក៏បានបញ្ជាក់ដែរថាចំពោះប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទេះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ៕
