គិតត្រឹមខែតុលា ឆ្នាំ២០២០នេះករណីឆ្លងវីរុសផ្លូវដង្ហើម COVID-19នៅទូទាំងពិភពលោក គឺមានដល់ ជាង៣៣លានករណីហើយ ឯករណីមនុស្សស្លាប់ដោយសារវីរុសនេះ មានដល់១លាននាក់នេះបើតាមបច្ចុប្បន្នភាពទិន្នន័យពី World Meters Corona Virus។
ទន្ទឹមនឹងពេលដែលមានករណីឆ្លង និងការឆក់យកជីវិតមនុស្សពីវីរុសដង្ហើមនេះ ជាបន្តបន្ទាប់ងាកទៅលើស្ថានភាពជីវិតរស់នៅរបស់មនុស្ស ក្នុងកម្រិតសកលឯណោះវិញ គឺបានកំពុងជួបប្រទះបញ្ហាជាច្រើនផងដែរ។ ជាឧទាហរណ៍ជាក់ស្តែងមួយតាមរយៈ នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ(World Food Program) គឺលោក David Beasley បានឱ្យដឹងថា"រលកនៃកង្វះស្បៀង និងភាពអត់អាហារនៅតែគំរាមកំហែងនៅជុំវិញពិភពលោក"។ លោកបានបន្តថា ប្រជាជនប្រមាណ១៣៥លាននាក់កម្រិតពិភពលោក គឺប្រឈមនឹងអសន្តិសុខស្បៀងខ្លាំង ហើយចំនួននេះតាមការព្យាករនឹងកើនឡើងបន្តបន្ទាប់នៅក្នុងឆ្នាំនេះដដែល។
តាមប្រភពទិន្នន័យពីស្ថាប័នដដែលនេះ គឺហោចណាស់តម្រូវឱ្យមានកញ្ចប់ថវិកាប្រមាណ៥ប៊ីលានដុល្លារអាមេរិកដើម្បីបង្ការចំនួនមនុស្សប្រមាណ៣០លាននាក់ពីការស្លាប់ ដោយសារភាពអត់ឃ្លាន។
ដោយឡែកទិន្នន័យពីធនាគារពិភពលោក World Bank បានឱ្យដឹងថា ការរាតត្បាតពីវីរុស COVID-19 នឹងបង្អាក់ដំណើរនៃការប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីបន្ថយអត្រាភាពក្រីក្រកម្រិត៣%នៅឆ្នាំ២០៣០។ ហើយបើគិតត្រឹមតែប្រជាជននៅអាស៊ី គឺប្រមាណ១៦០លាននាក់ នឹងអាចស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រនៅឡើយនេះបើតាមប្រភពពីធនាគារអភិវឌ្ឍអាស៊ី។
បើក្រលេកទៅមើលភាពលំបាករបស់កុមារ ដែលជាសិស្សានុសិស្សឯណោះវិញ គឺប្រមាណ៨៧២លាននាក់ជាសិស្សពី៥១ប្រទេស គឺនៅពុំទាន់អាចត្រឡប់ទៅរកស្ថានភាពសិក្សាដូចដើមវិញនៅឡើយ នេះបើតាមទិន្នន័យពីមូលនិធិកុមារនៃអង្គការសហប្រជាជាតិ UNICEF។ ហើយចំនួនពាក់កណ្តាលនៃតួលេខសិស្សទាំងនោះគឺរស់នៅក្រោមស្ថានភាពដែលពុំអាចសូម្បីតែមធ្យោបាយសិក្សាពីចម្ងាយ។
បើងាកទៅមើលក្នុងវិស័យសេដ្ឋកិច្ចឯណោះវិញ តាមការព្យាករបើទោះជាមានការបញ្ចេញថវិកាជំនួយពីរដ្ឋាភិបាលប្រទេសអ្នកមាន និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMFប្រមាណ១៨លានលានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ចពិភពលោក គឺនឹងត្រូវបាត់បង់ទៅវិញប្រមាណ១២លានលានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២១។ ការសិក្សាដាច់ដោយឡែកមួយទៀតពីករណីនេះ ធ្វើឡើងដោយអង្គការពលកម្មអន្តរជាតិ បានរកឃើញថាដោយសារតែការរាតត្បាតពីវីរុសកូវីដ-១៩ប្រាក់ចំណូលរបស់អ្នកធ្វើការខ្ទង់លាននាក់ជុំវិញពិភពលោកគឺបានបាត់បង់ក្នុងចំនួន៣.៥លានលានដុលា្លរអាមេរិកហើយត្រឹមឆ្នាំ២០២០នេះតាមការគណនាគឺស្មើនឹងមនុស្ស២៤៥លាននាក់បានបាត់បង់ការងារ។
ជាមួយបញ្ហាលំបាកខាងលើនេះបណ្តាស្ថាប័នធំៗ និងអ្នកវិភាគនានា គឺបានរំពឹង និងអំពាវនាវឱ្យមានការចូលរួមជ្រោមជ្រែងជួយពីសំណាក់ម្ចាស់ជំនួយក្នុងវិស័យផ្សេងៗ ដើម្បីជួយស្រោចស្រង់ស្ថានភាពរស់នៅរបស់មនុស្សពីវិបត្តិជាសកលមួយនេះជាបន្តបន្ទាប់៕