ប្រហែលជាជាងកន្លះឆ្នាំហើយដែលការផ្ទុះឡើងនៃជំងឺកូវីត-១៩បានរីករាលដាលយ៉ាងខ្លាំងស្ទើរតែពាសពេញពិភពលោក រីឯជនខិលខូចខ្លះក៏នៅតែឆ្លៀតឱកាសដើម្បីទាញយកផលប្រយោជន៍ពីភាពវឹកវរនៃជំងឺរាតត្បាតមួយនេះ។យោងតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត Bitdefender បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការបោកបញ្ឆោតដោយការផ្ញើអ៊ីម៉ែលបានកើនឡើងកាន់តែខ្លាំងដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន និងលេខសម្ងាត់ធនាគាររបស់អ្នកប្រើប្រាស់ឬដើម្បីបញ្ចូលមេរោគ។

ភាគច្រើននៃការផ្ញើអ៊ីម៉ែលឆបោកទាំងនោះត្រូវបានបន្លំធ្វើជាផ្ញើចេញពីប្រភពដែលអាចទុកចិត្តបានដូចជា អង្គការ រដ្ឋាភិបាលក្រសួងសុខាភិបាល មជ្ឈមណ្ឌលសុខភាពសាធារណៈ ឬធនាគារជាដើម តាមរយៈអុីម៉ែលដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿទុកចិត្ត។ ជាឧទាហរណ៍ជនខិលខូចបានធ្វើការបោកបញ្ឆោតបន្លំជាអង្គការសុខភាពពិភពលោក (WHO) ផ្សព្វផ្សាយព័ត៌មានថ្មីៗឬជាធនាគារ HSBC ជូនដំណឹងអំពីការដាក់បញ្ចូលប្រាក់ដើម្បីឱ្យអ្នកប្រើប្រាស់ទាញយកឯកសារដែលមានបង្កប់ជាមួយមេរោគ។

ទោះជានៅប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកប្រើប្រាស់អ៊ីម៉ែលដែលមានតែនៅតាមក្រុមហ៊ុនធំៗមួយចំនួននោះក្តី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឆបោកទាំងនេះព្រោះជនខិលខូចអាចប្តូរយុទ្ធសាស្ត្រពីការផ្ញើអ៊ីម៉ែល ទៅជាការផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គមដែលកំពុងមានការពេញនិយមនៅប្រទេសយើងនោះ។កន្លងមកនាយកដ្ឋានក៏បានណែនាំអ្នកប្រើប្រាស់សូមកុំទាញយកឯកសារពីប្រភពដែលមិនស្គាល់ច្បាស់ចៀសវាងការឆ្លងមេរោគ ក៏ដូចជាបាត់បង់ទិន្នន័យផ្ទាល់ខ្លួនហើយក៏បានផ្សព្វផ្សាយពីល្បិចកលរបស់ជនខិលខូចដែលអាចប្រើប្រាស់ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋក្នុងសម័យកូវីតកាលពីខែមីនាហើយផងដែរ៕

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា