រាជធានីភ្នំពេញ៖ ទោះជានៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងចាប់អនុវត្តនិងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងអាចឈានទៅអនុវត្តជាមួយកូរ៉េ ការទទូលបានកិច្ចអនុគ្រោះពន្ធពីសំណាក់ចក្រភពអង់គ្លេស (GSP) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំក្នុងពិភពលោក ក៏កម្ពុជានៅតែមានលទ្ធភាពតិចតួចក្នុងការនាំចេញនូវផលិតផលផ្នែក កសិ-ឧស្សាហកម្ម ទៅកាន់ទីផ្សារសំខាន់ៗទាំងដដែល ភាពកង្វះធនធាន និងលទ្ធភាពក្នុងការផលិតសម្រាប់នាំចេញ។ 

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់បណ្តាញភ្នាក់ងារ Krama post ឱ្យដឹងថា កម្ពុជាទទួលបានឱកាសជាច្រើនក្នុងការនាំចេញនូវទំនិញដែលជាផលិតផលចម្រុះទៅកាន់ទីផ្សារអន្តរជាតិធំៗដែលស្ថិតនៅប្រទេស និងតំបន់សហគមន៍ផងដែរ ប៉ុន្តែអ្វីដែលជាបញ្ហាគឺនៅត្រង់ថា កម្ពុជាអាចមានលទ្ធភាពក្នុងការផលិតសម្រាប់ការនាំចេញបានកម្រិតណាតែប៉ុណ្ណោះ។ 

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា “សព្វថ្ងៃនេះទំនិញដែលយើងបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មិនថាចំពោះទីផ្សារនៅក្នុងតំបន់អាស៊ី ឬទីផ្សារនៅប៉ែកអឺរ៉ុប និងទីផ្សារសហរដ្ឋអាមេរិកនោះទេ ភាគច្រើនគឺជាប្រភេទផលិតផលផ្នែកវាយនភ័ណ រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបង្គុំ ជាពិសេស កង់ ដែលបានធ្វើការនាំចេញបានច្រើនជាងគេ បើប្រៀបទៅនឹងការនាំចេញរបស់ប្រទេសមួយចំនួនក្នុងតំបន់”។ 

លោកឧកញ៉ាបានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងកាន់តែមានទីផ្សារធំទូលាយដែលជាឱកាសក្នុងការពង្រីកទីផ្សាររបស់ខ្លួន ប៉ុន្តែអ្វីដែលជាបញ្ហាគឺផលិតផលកសិ-ឧស្សាហកម្មសម្រាប់ការនាំចេញនៅមានកម្រិតនៅឡើយ ដែលចាំបាច់ត្រូវពង្រឹង និងពង្រីកលទ្ធភាពបន្ថែមទៀតប្រកបដោយគុណភាពស្របតាមស្ដង់ដាទីផ្សារដែលបានកំណត់។ 

កម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត និងកែច្នៃនៅឡើយ។ បច្ចុប្បន្ននេះ នៅកម្ពុជាមានក្រុមហ៊ុនកែច្នៃ និងវិចខ្ចប់មួយចំនួន ដែលជាការណ្តាក់ទុនវិនិយោគដោយវិនិយោគិនចិន ជប៉ុន និងកូរ៉េ ដែលមានជំនាញចូលមកវិនិយោគនៅក្នុងវិស័យមួយនេះ ហើយតាមរយៈសភាពាណិជ្ជកម្មកម្ពុជា នៅតែលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀត ជាពិសេសអាចពង្រឹងចំណេះដឹង និងបច្ចេកទេសផលិត ក៏ដូចជាកែច្នៃដែលគុណភាពស្របតាមស្ដង់ដារសម្រាប់ការនាំចេញឱ្យកាន់តែបានច្រើនតាមដែលលទ្ធភាពអាចធ្វើទៅបាន៕