រាជធានីភ្នំពេញ៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង (CKFTA)  ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ ដោយមានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងភាគីកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។

កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមកមានដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិកកៅស៊ូ និងផលិតផលកសិកម្ម ជាដើម។ 

សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេស កម្ពុជា រួមមានយានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា៖ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ នឹងកើនឡើងលើសពេលបច្ចុប្បន្ននេះ ព្រោះពេលមិនទាន់មាន CKFTA ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កើនក្នុងចន្លោះ១៥ភាគរយលើកលែងតែក្នុងឆ្នាំ២០២០នេះ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩។  លោករដ្ឋមន្រ្តី ក៏រំពឹងដែរថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងមានលើស១ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

លោកបានបន្ថែមថា បន្ទាប់ពីមាន CKFTA សម្រាប់ប្រទេសកម្ពុជានឹងអាចនាំចេញទំនិញជាច្រើនប្រភេទ ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ពិសេសការនាំចេញកសិផល, ការកែច្នៃដែលមានពន្ធសូន្យ (០)។ ដំណាំសក្ដានុពលដែលនឹងត្រូវនាំចេញរួមមាន ស្វាយចន្ទី, ម្រេច,កៅស៊ូជាដើម ក្នុងនោះក៏មានការនាំចេញអង្ករ, ដំឡូងមីកែច្នៃផងដែរ។ ការខិតខំប្រឹងប្រែងនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយខ្លួន ជាប្រទេសឧស្សាហកម្មមិនមែនត្រឹមតែលក់វត្ថុធាតុដើមនោះឡើយ៕