រាជធានីភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួម កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣មេសា ជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។ 

ក្រៅពីកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគី ជាមួយសមភាគីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ 

ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសន្ទានជាមួយ ឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងជួបដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយចៅៗ ជាសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ដែលនេះបង្ហាញឲ្យឃើញពីការគោរពស្រឡាញ់ រវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្លួន ដែលកំពុងឃ្លាតឆ្ងាយពីមាតុ ប្រទេស ទៅបំពេញការសិក្សា រកស៊ីទទួលទាន ស្នាក់នៅប្រទេសជប៉ុន។

តាមទូរលេខដែលបញ្ជាក់ដោយក្រសួងការបរទេស បានឲ្យដឹងថា នៅកម្ពុជាមានជនជាតិជប៉ុនស្នាក់នៅប្រទេសកម្ពុជា មានចំនួន ៤ ២១៦នាក់ គិតត្រឹមខែមករាឆ្នាំ២០២១ ដោយឡែកសិស្ស និស្សិត កម្ពុជាសិក្សាអាហារូបករណ៍បង់ថ្លៃ នៅប្រទេសជប៉ុនចំនួន ៦៩៣នាក់ និងមានពលរដ្ឋកម្ពុជារស់នៅ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសជប៉ុន មានចំនួន ៥ ២០៣នាក់ គិតត្រឹមខែមិថុនាឆ្នាំ២០២០៕