រយៈពេល១៥ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ២០១៥រហូត​ឆ្នាំ ២០៣០ តម្រូវការ​លំ​នៅឋាន ​ទូទាំងប្រទេស​នឹងមាន​ចំនួន​ប្រមាណ ១លាន​ខ្នង

ភ្នំពេញ៖ ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្យាករណ៍​ថាសម្រាប់​រយៈពេល១៥ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ២០១៥រហូត​ឆ្នាំ ២០៣០ តម្រូវការ​លំ​នៅឋាន ​ទូទាំងប្រទេស​នឹងមាន​ចំនួន​ប្រមាណ ១លាន​ខ្នង​បន្ថែមទៀតនេះបើតាមការថ្លែងរបស់លោក ​កាលពីនៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឳកាស​បើក​សម្ភោ​ធ​ដាក់​ ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល ​លក់​សម្ភារៈ​សំណង់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​តាម​លំនៅដ្ឋាន GlobalHouse ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ លី​យ៉ុង​ផាត់ គ្រុប។

លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា “តម្រូវការ​លំនៅឋាន​ដ៏​ច្រើន​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​របស់​ប្រជាពលរដ្ឋក្នុងនោះ​សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​ មាន​តម្រូវ​ការប្រមាណ៨០ម៉ឺន​លំនៅដ្ឋាន ហើយ​បើ​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ ៥ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំ។

លោកក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ​ កម្ពុ​ជាមាន​ទីក្រុង​រណប បុរី​លំនៅឋាន និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​ចំនួន២៣០ទីតាំង និង​មាន​សំណង់​អគារ​ខ្ពស់ ​ចាប់ពី៥ជាន់​ឡើងទៅ​ចំនួន ១,១០០អគារ៕