ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ពីសាធារណរដ្ឋឥណ្ឌា ដោយស្នើសុំឱ្យភាគីឥណ្ឌា ផ្គត់ផ្គង់វ៉ាកសាំងនេះ ក្នុងដំណាក់កាលដំបូងចំនួន១លានដូស។
ក្នុងជួបសន្ទនាតាមទូរស័ព្ទ របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្ដបណ្ឌិត Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនមួយសែនដូស ដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌាផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូនិងតម្រូវការក្នុងស្រុកក៏ដោយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាក់សាំងនេះក្នុងដំណាក់កាលដំបូង ចំនួន១លានដូស។
ជាការឆ្លើយតប ឯកឧត្ដម Subrahmanyam Jaishankar នឹងដាក់សំណើទៅឯកឧត្ដម នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោនាយករដ្ឋមន្ត្រីជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព ឯកឧត្ដមនឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស នេះ ជូនឯកឧត្តមនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឱ្យទទួលបានវ៉ាក់សាំង៕