ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានដាក់មនុស្សឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅទូទាំងប្រទេសសរុបចំនួន២៦៦នាក់ ក្នុងនោះមានចំនួន៨៦នាក់ កំពុងពិនិត្យតាមដាននៅឡើយ ដោយសារអ្នកទាំងនោះមានហានិភ័យខ្ពស់ចំពោះជំងឺកូវីដ១៩។ នេះបើតាម ការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
មនុស្សចំនួនជិត ៩ពាន់នាក់ត្រូវបានយកវត្ថុសំណាកទឿវិភាគរកកូវីដ១៩។ លើសពីនេះទៀត ក្រសួងក៏បានស្រាវជ្រាវរកឃើញអ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ប្រមាណ២២០០នាក់ផងដែរ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ពេលនេះដែរក្រសួងក៏បានយកវត្ថុសំណាកទៅធ្វើវិភាគរកជំងឺកូវីដ១៩ចំនួន៨៩០៩នាក់ ក្នុងនោះមានចំនួន១២២នាក់ មានឆ្លង និងមានអ្នកជាសះស្បើយចំនួន៧៧នាក់៕