ស្របពេលដែលជំនាញនៃភាពជាអ្នកដឹកនាំខ្លះអាចមានជាទេពកោសល្យពីធម្មជាតិ ប៉ុន្តែជំនាញនេះផ្សេងៗទៀតគឺត្រូវការពេលវេលាខ្លះដើម្បីអភិវឌ្ឍជាលំដាប់។ មេរៀននៃភាពជាអ្នកដឹកនាំអាចជួយឱ្យអ្នករៀនបង្កើនដែនសមត្ថភាពដែលខ្លួនមាននិងមានប្រសិទ្ធិភាពល្អប្រសើរ ពិសេសគឺក្លាយជាអ្នកដឹកនាំម្នាក់ដែលជោគជ័យតាមរយៈការដឹកនាំ ការអនុវត្ត ការប្តេជ្ញា ការជម្រុញទឹកចិត្ត និងសម្រេចសមិទ្ធិផលធំធេងសម្រាប់អង្គភាពឬអាជីវកម្ម។
សម្រាប់ថ្ងៃនេះក្រមាសូមបង្ហាញសង្ខេបចំនួន៦ចំណុចនៃមេរៀនភាពជាអ្នកដឹកនាំសម័យថ្មីជូនប្រិយមិត្តសម្រាប់ស្វែងយល់ជាទុនគំនិតដូចខាងក្រោម៖
១. ការស្តាប់ច្រើនជាងនិយាយ
ជាអ្នកដឹកនាំល្អមួយរូបគឺពិតជាដឹងថាកាលៈទេសៈណាដែលត្រូវដកឃ្លា និងត្រូវស្តាប់នូវអ្វីដែលសមាជិកក្រុមឬបុគ្គលិកក្រោមឱវាទនិយាយ។ បន្ទាប់មក គេនឹងយកគំនិតទាំងនោះមកពិចារណាមុននឹងឈានដល់ការសម្រេចចិត្តណាមួយ។ ដោយហេតុថាការមើលឃើញទស្សនៈគ្រប់ជ្រុង នឹងអាចជម្នះលើឧបសគ្គបាន ដូចនេះការស្តាប់មតិពីគ្រប់សមាជិកគឺជាគន្លឹះសំខាន់។
នៅពេលសមាជិកក្រុម មានអារម្មណ៍ថាមតិយោបល់ពួកគេបានបង្ហាញឮដល់គណៈគ្រប់គ្រង ហើយត្រូវបានគេឱ្យតម្លៃ និងដោយការគោរព ដូច្នេះពួកគេនឹងគោរពទៅដល់ភាពដឹកនាំនៃអ្នកដឹកនាំនោះផងដែរ។
២.យល់ពីតួនាទីនីមួយៗនៅក្នុងស្ថាប័ន/អង្គភាព
វាជារឿងលំបាកដែលអ្នកជាអ្នកដឹកនាំ ប៉ុន្តែមិនស្គាល់ច្បាស់ពីមុខដំណែងនិងតួនាទីនៅក្នុងស្ថាប័ន។ នាមជាអ្នកដឹកនាំមួយរូបអ្នកគួរស្វែងយល់ពីមុខនាទីផ្សេងៗក្នុងស្ថាប័ន ឬអាជីវកម្ម ដឹងពីផ្នែកដែលមានទំនួលខុសត្រូវលើកិច្ចការស្នូលព្រមទាំងបុគ្គលិកក្នុងតួនាទីនីមួយៗផងដែរ។ ធ្វើដូចនេះ វាមិនគ្រាន់តែឱ្យក្រុមការងារមានអារម្មណ៍កក់ក្តៅមានការយកចិត្តទុកដាក់ ថែមទាំងជួយអ្នកងាយពន្យល់ និងផ្សព្វផ្សាយពីទិសដៅ ទៅដល់អ្នកដែលចង់ស្វែងយល់ឬមានចម្ងល់ពីស្ថាប័ន/អាជីវកម្មរបស់អ្នក។
៣. ជម្រុញភាពរីកចម្រើន
ការរីកចម្រើនជាពាក្យសំខាន់មួយនៅក្នុងអាជីវកម្ម។ មិនថាបុគ្គលិក ការលក់ អាជីវកម្ម ទំនាក់ទំនង ឬជំនាញផ្សេងៗភាពរីកចម្រើនជាគន្លឹះទៅភាពជោគជ័យ។
អាជីវកម្មដែលមិនទៅមុខ នៅទ្រឹង និងមិនដឹងថាដើរទៅមុខយ៉ាងណានឹងបរិបថបម្លាស់ប្តូរថ្មីអាជីវកម្មនោះប្រាកដមិនទទួលបានជោគជ័យ។ ដូច្នេះការបង្កើតឱ្យមានផ្នត់គំនិតនៃភាពរីកចម្រើន ជាចំណុចសំខាន់ដែលដឹកនាំឱ្យអាជីវកម្មអ្នកទៅទិសដៅដ៏ត្រឹមត្រូវ ក៏ដូចជាជម្រុញចិត្តដល់អ្នកដែលធ្វើការជាមួយ និងសម្រាប់អ្នក។
៤.យកចិត្តទុកដាក់ថែរក្សាក្រុមការងារអ្នក
ក្រុមការងារល្អក៏បង្ហាញពីកម្រិតនៃភាពជាអ្នកដឹកនាំរបស់អ្នកដឹកនាំផងដែរ។ នេះមានន័យថាកិច្ចការសំខាន់របស់អ្នកគឺមើលថែរក្សាក្រុមការងារនិងឱ្យពួកគេដឹងថាអ្នកជាអ្នកគាំទ្រពួកគេ។ នៅពេលក្រុមការងារដឹងថាពួកគេជាផ្នែកសំខាន់នៃអាជីវកម្ម ឬអង្គភាព ពួកគេស្តាប់ គោរព ហើយចង់មានអ្នកដឹកនាំដែលណែនាំភាពល្អបំផុតដែលអាចធ្វើបានសម្រាប់ពួកគេ។ដូច្នេះ ពួកគេចង់ប្រតិបត្តិបានប្រសើរ និងជួយដល់ស្ថាប័នឬអាជីវកម្មដែលពួកគេធ្វើការឱ្យ។
ចុចអាន៖ ចុងសប្តាហ៍! មិនគ្រោងទៅណា មករៀនពីភាពដឹកនាំ៥កម្រិត ដើម្បីអភិវឌ្ឍខ្លួន ដោយខ្លួនឯង
ចុចអាន៖ ស្វែងយល់ពី ភាពជាអ្នកដឹកនាំ៥កម្រិត របស់លោក John Calvin Maxwell - កម្រិត៣ ដល់ កម្រិត៥
៥. ជាបុគ្គលនិមិត្តរូបនិងផ្នែកជម្រុញលើកទឹកចិត្ត
អ្នកដឹកនាំមិនគ្រាន់តែគ្រប់គ្រងនិងធ្វើការសម្រេចចិត្តតែប៉ុណ្ណេះទេ ពួកគេក៏ជាបុគ្គលនិមិត្តរូប ឬជាផ្នែកសំខាន់នៃការជម្រុញទឹកចិត្តបុគ្គលិក សមាជិកក្នុងក្រុម។ អ្នកដឹកនាំដែលពុំមានការជម្រុញទឹកចិត្ត ការលើកទឹកចិត្ត ច្រើនប្រឈមនឹងឧបសគ្គច្រើនពិសេសក្នុងការនិយាយទៅកាន់ក្រុម ឱ្យពួកគេអនុវត្តតាម។ ការបើកចិត្ត បង្កើនការផ្លាស់ប្តូរដែលវិជ្ជមានទំនួលខុសត្រូវ រីករាយនឹងកិច្ចការងារ បូករួមទាំងការសម្រេចចិត្តប្រកបដោយការថ្លឹងថ្លែងនិងចក្ខុវិស័យច្បាស់ ធ្វើបានទាំងនេះ អ្នកគឺជាអ្នកដឹកនាំដែលលេចធ្លោមួយរូបក្នុងចិត្តបុគ្គលិកនិងសមាជិកក្រុមមិនខាន។ អ្នកដឹកនាំដែលមានឥទ្ធិពលជម្រុញចិត្តអ្នកដទៃគឺជាអ្នកដឹកនាំដែលមនុស្សចង់ធ្វើតាម។
៦. ទទួលនិងឆ្លើយតបទៅមតិយោបល់រិះគន់ស្ថាបនាផ្សេងៗ
ក្នុងមុខដំណែងជាអ្នកដឹកនាំពាក្យសម្តីរបស់អ្នកក្នុងគំនិតរបស់បុគ្គលិកក្រោមឱវាទ គឺប្រៀបដូចជាច្បាប់ ហើយការសម្រេចចិត្តប្រៀបដូចជាសេចក្តីសម្រេចដែលបិទផ្លូវមិនអាចតវ៉ា ឬសួរសំណួរបាន។ ដូច្នេះជាអ្នកដែលសម្រេចចិត្តសំខាន់ អ្នកត្រូវតែជាអ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ ប៉ុន្តែពុំមែនមានន័យថាអ្នកមិនអាចទទួលយកមតិផ្សេងៗ ដើម្បីជាការអភិវឌ្ឍ ឬកែលម្អឱ្យប្រសើរជាងមុនឡើយ។ការស្តាប់ ទទួលយកមតិរិះគន់ស្ថាបនាផ្សេងៗពីក្រុមការងារ នឹងធ្វើឱ្យអ្នកមានគំនិតច្រើនពិសេសអាចអភិវឌ្ឍខ្លួនជាអ្នកដឹកនាំក្នុងកម្រិតល្អប្រសើរជាបន្តបន្ទាប់៕
ប្រភព៖ Rock Content, 13 EssentialLeadership Lessons