ពីមួយជំនាន់ទៅមួយជំនាន់មនុស្សគ្រប់ៗវ័យនៅតែមានបញ្ហាឥតឈប់ឈរជាមួយស្បែកមុខឡើង មុនស្លាកស្នាម និងភាពខ្មៅស្រអាប់លើផ្ទៃមុខ ដែលជាហេតុបណ្តាលឲ្យទីផ្សារ នៅលើពិភពលោកតែងតែព្យាយាមស្វែងរកគ្រប់មធ្យោបាយដើម្បីផលិតនូវផលិតផលថ្មីៗជាច្រើនប្រភេទនិងច្រើនម៉ាកទៅតាមតម្រូវការរបស់មនុស្សគ្រប់គ្នា។ 

ទន្ទឹមនឹងនេះដែរក៏ព្រោះតែផលិតផលជំនួយទៅដល់ស្បែកមុខមានលក្ខណៈច្រើនប្រភេទពេក ទើបជាហេតុបណ្តាលឲ្យអតិថិជនភាគច្រើនពិបាកក្នុងការសម្រេចចិត្តជ្រើសរើសថា តើប្រភេទណាមួយដែលសាកសមជាមួយស្បែកមុខរបស់ខ្លួន។ ហើយកាន់តែពិសេសទៅទៀតនោះក៏មានអតិថិជនខ្លះទៀត នៅមិនប្រាកដចិត្តថាតើខ្លួនឯងមានប្រភេទស្បែកមុខបែបណាផងដែរ? ដូច្នេះថ្ងៃនេះក្រុមការងារ Krama Post នឹងធ្វើការចែករំលែកអ្នកទាំងអស់គ្នាពាក់ព័ទ្ធជាមួយគន្លឹះងាយស្រួល ក្នុងការត្រួតពិនិត្យមើលលក្ខណៈស្បែកមុខរបស់ខ្លួនឯងថា មានប្រភេទស្បែកមុខបែបណាដែរ៖

១/ប្រភេទស្បែកមុខខ្លាញ់

ចំពោះមនុស្សដែលមានស្បែកមុខខ្លាញ់គឺងាយស្រួលកត់សម្គាល់យ៉ាងខ្លាំងដោយភាគច្រើនស្បែកមុខរបស់ពួកគេសម្បូរទៅដោយរន្ធញើសធំៗងាយកើតមុន និងមានមុនក្បាលខ្មៅច្រើនជាប្រចាំ។

២/ប្រភេទស្បែកមុខស្ងួត 

ចំពោះមនុស្សដែលមានស្បែកមុខស្ងួតគឺមានលក្ខណៈពិសេស និងងាយស្រួលក្រឡេកមើលឃើញយ៉ាងខ្លាំងពោលគឺរួមមានស្បែកមុខមិនសូវមានខ្លាញ់ច្រើន ងាយជ្រួញ ងាយរបកស្បែក និងរាល់ពេលលាបឡេងាបជ្រាបចូលយ៉ាងឆាប់រហ័ស។

៣/ប្រភេទស្បែកមុខមុន

ចំពោះមនុស្សដែលមានស្បែកមុខមុនគឺងាយឡើងមុនជារៀងរាល់ថ្ងៃ អាចជាប្រភេទមុនខ្ទុះ មុនទឹកនិងឪស្សាហ៍កើតមុនឡើងពេញមុខជារឿយៗ។

៤/ប្រភេទស្បែកមុខងាយប្រតិកម្ម

ចំពោះមនុស្សដែលមានស្បែកមុខងាយប្រតិកម្ម គឺមានលក្ខណៈពិបាកជាងស្បែកមុខដទៃបន្តិច ព្រោះថាមានផលិតផលផ្សេងៗជាច្រើន ត្រូវហាមឃាត់មិនអាចឲ្យអ្នកប្រើប្រាស់ឬតេស្តសាកល្បងឡើយ។ ក្នុងនោះផងដែរលក្ខណៈងាយៗសម្រាប់កត់សម្គាល់ទៅលើប្រភេទស្បែកមុខងាយប្រតិកម្មរួមមាន ដូចជាស្បែកមានខ្លាញ់ជាអក្សរ T ងាយឡើងមុនលើថ្ងាស ច្រមុះ ចង្ការ និងតំបន់ផ្សេងៗ មានស្បែកស្ងួត។