នៅតាមស្រុកស្រែចម្ការ ឬតំបន់ព្រៃភ្នំករណីពស់ចឹកនៅតែជាគ្រោះថ្នាក់មួយ ដែលគេអាចជួបប្រទះជារឿយៗ មិនថាចំពោះអ្នកទៅដើរលេងឬអ្នករស់នៅមូលដ្ឋានប្រចាំថ្ងៃ។ ចំពោះករណីពស់ចឹកខ្លះអាចបណ្តាលជាជំងឺធ្ងន់ធ្ងរភ្លាមៗ និងអាចបណ្តាលឱ្យស្លាប់ទៀតផង។ បញ្ហានេះ មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញជាចំណុចគួរយល់ដឹងមួយចំនួន ដើម្បីបង្ការគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយនៅពេលមានករណីពស់ចឹកកើតឡើងដែលចំណុចទាំងនោះបានបង្ហាញដូចខាងក្រោម៖
១.រោគសញ្ញា
រោគសញ្ញាឬអាការៈមួយចំនួនអាចធ្ងន់ធ្ងរបង្កគ្រោះថ្នាក់ដល់ជីវិត ដែលត្រូវការជំនួយពីគ្រូពេទ្យតាមដាននិងប្រើថ្នាំបន្សាបពិសភ្លាមមានដូចជា៖
-ស្រវាំងភ្នែកងងឹតមុខ ធ្លាក់ត្របកភ្នែកដូចងងុយគេង
-រឹងមុខមាត់ពិបាកនិយាយស្តី
-ទន់ក ក្អួតចង្អោរ
-មានអាការៈខ្សោយ ត្រជាក់ចុងដៃចុងជើង ស្លេកស្លាំង ជីពចរញាប់
-បែកញើសត្រជាក់ និងចេញទឹកមាត់នៅដំណាក់កាលដំបូងនៃប្រតិកម្មរបស់ពិស
-ជើងដៃចេះតែកន្រ្តាក់តិចៗ
-ពិបាកដកដង្ហើមជាសញ្ញាចុងក្រោយ ដែលត្រូវព្យាបាលជាបន្ទាន់។
រោគសញ្ញាមួយចំនួនទៀតដែលត្រូវការប្រើថ្នាំជាបន្ទាន់រួមមាន៖
-កន្លែងដែលពស់ខាំរាលដាល(ឡើងហើមក្រហម) លឿន
-មានចេញពងទឹកដូចរលាកភ្លើង
-មានចេញស្នាមជាំលើខ្លួន
-ដំបៅហូរឈាមមិនឈប់
-ឡេះឡះររើរវាយ សន្លឹមងងុយដេក
-គ្មានទឹកនោមជាដើម។
២.ចំណុចគួរចំណាំ៖ ចំណុចដែលជួយជីវិតជនរងគ្រោះ គឺវិធីដែលអាចពន្យារពេលកុំឱ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក ក្នុងន័យនេះគឺក្រោយពេលមានករណីពស់ខាំភ្លាមគប្បីទប់អវៈយវៈ ដែលរងការខាំនោះឱ្យនៅហ្នឹងកុំឱ្យសាច់ដុំកន្ត្រាក់ខ្លាំង។ ឧទាហរណ៍៖ បើសិនជើងត្រូវពស់ខាំការខំប្រឹងដើរ ឬរត់នឹងនាំឱ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះ គេគប្បីរកអ្នកជួយគ្រា ឬសែងទៅរកកន្លែងសង្រ្គោះឬមន្ទីរពេទ្យ។
ចំណុចគួរសម្គាល់ផងដែរ៖ វិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមក ភាគច្រើនឱ្យគុណវិបត្តិជាងឱ្យផ្តល់ប្រយោជន៍ដូចជា៖
-ការចងរឹតពីខាងលើរបួស៖ ភាគច្រើនវាអាចបណ្តាលឱ្យផ្នែកខាងក្រោមចំណងខ្វះឈាមទៅចិញ្ចឹម និងត្រូវស្លាប់កោសិកាសាច់ដុំ ដែលជារឿយៗតម្រូវឱ្យកាត់ចោលដើម្បីសង្គ្រោះជីវិត។
-ការវះបើកមុខកន្លែងស្នាមខាំ ក្នុងបំណងឱ្យពិសហូរចេញវិញ ជួនកាលបណ្តាលឱ្យហូរឈាមមិនឈប់ និងបាត់បង់ឈាមជាច្រើនរហូតដល់អ្នករងគ្រោះខ្សោយ។
-ការបឺតជញ្ជក់កន្លែងខាំក៏មិនអាចបឺតយកពិសចេញបានដែរ។
-កន្លែងមានរបួសជាទីដែលប្រព័ន្ធការពារលើស្បែកយើង ត្រូវមានចន្លោះប្រហោងអាចឱ្យមេរោគផ្សេងៗចូលបានយ៉ាងងាយដូចនេះការដាក់បំពោកនូវវត្ថុផ្សេងៗ ឬថ្នាំដែលមិនស្អាតអាចបន្ថែមមេរោគ នឹងធ្វើឱ្យដំបៅក្លាយ។
៣.ចំនុចគួរចងចាំនិងអនុវត្ត៖
-ថ្នាំប្រឆាំងពិសពស់ជាឱសថដ៏សំខាន់ តែវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបានដែរ។
-ថ្នាំពិសពស់មានផលប្រយោជន៍ និងប្រសិទ្ធិភាពតែកាលណាមានពិសពស់ក្នុងខ្លួនជនរងគ្រោះជាពិសេសក្នុងរបត់ឈាម។
-គ្រប់ករណីពស់ចឹក ឬសង្ស័យថាពស់ចឹកមិនសុទ្ធតែចាំបាច់ត្រូវចាក់ថ្នាំបន្សាបពិសទេ។
-បើមានពស់ខាំមុនមកដល់មន្ទីរពេទ្យគប្បីទប់អបអវៈយវៈ ដែលរងរបួសនោះកុំឱ្យវាមានចលនាខ្លាំង។
-មិនត្រូវចងរឹតតឹងពីខាងលើឬវះបង្ហូរឈាម ឬបឺតឈាមទេព្រោះវានាំឱ្យខាតពេលនិងអាចមានគ្រោះថ្នាក់។
-ប្រសិនបើប្រាកដជាពស់ខាំត្រូវប្រញាប់មក មន្ទីរពេទ្យដែលមានហើយអាចប្រើថ្នាំបន្សាបពិស ដោយសុវត្ថិភាពបាន។
-ក្នុងករណីមានសញ្ញាពិសក្នុងខ្លួនជនរងគ្រោះក្រុមគ្រូពេទ្យនឹងវិនិច្ឆ័យប្រភេទក្រុមពស់ដែលបង្កហេតុដើម្បីត្រូវប្រើថ្នាំបន្សាបឱ្យត្រូវនឹងក្រុមពស់៕