បញ្ហាស្ត្រែសជាប្រចាំថ្ងៃតែងកើតមានទៅលើមនុស្សសឹងគ្រប់គ្នា មិនថាអ្នកធ្វើការ អ្នករកស៊ី សូម្បីបុគ្គលល្បីៗ ក៏ជួបបញ្ហាក្នុងជីវិត ដែលចៀសមិនរួចនេះដែរ។ យ៉ាងណាមិញ បុគ្គលគំរូមួយចំនួនមានវិធីសាស្រ្តឆ្លើយតបទៅនឹងបញ្ហាអារម្មណ៍តានតឹងប្រចាំថ្ងៃទាំងនោះដោយប្រសិទ្ធិភាព ដែលយើងអាចសង្កេតនិងរៀនពីពួកគេបានផងដែរ។ តាមរយៈ តារាចម្រៀងស្រីអាមេរិក មានទេពកោសល្យ ព្រមទាំងសកម្មក្នុងការងារមនុស្សធម៌ ដែលប្រិយមិត្ត ភាគច្រើនបានស្គាល់គឺ កញ្ញា Selena Gomez។ នាងធ្លាប់បង្ហាញទៅដល់អ្នកគាំទ្រនាង និងសាធារណជនថានាងធ្លាប់ជួបបញ្ហាស្រ្តែសធ្ងន់ធ្ងរ រហូតត្រូវការជំនួយពីមន្ទីរពេទ្យ។ក្រោយនាងបានជាសះស្បើយ និងមានប្រសើរឡើង ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគន្លឹះខ្លីៗពីគ្រូពេទ្យ Selena បានចែករំលែកពីបទពិសោធរបស់ខ្លួនផ្ទាល់ដើម្បីជួយដល់អ្នកដែលមានបញ្ហាស្រ្តេសកុំឱ្យមានអាការៈធ្ងន់ធ្ងរដូចដែលនាងធ្លាប់បានជួបប្រទះ៖
១.ការដឹងខ្លួនពេលអារម្មណ៍តានតឹងកើតឡើងគឺជារឿងសំខាន់
ពិតណាស់បញ្ហាស្រ្តែសកើតឡើងលើមនុស្សគ្រប់គ្នា។ យោងតាម ទិន្នន័យស្រាវជ្រាវពីកិច្ចស្រាវជ្រាវឈ្មោះ Our World In Data នៅឆ្នាំ២០១៧ បង្ហាញថា មនុស្សប្រមាណ២៨៤លាននាក់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ត្រលប់មកករណី តារាចម្រៀងSelena វិញការចាប់ផ្តើមយល់ដឹងខ្លួនឯងនូវអារម្មណ៍តានតឹងដែលកើតមានជារឿងដែលគួរគប្បីធ្វើ។ ព្រោះថា នៅអារម្មណ៍មួម៉ៅអន្ទះអន្ទែងកើតឡើងយើងអាចមានសមត្ថភាពបំបាត់វាដោយខ្លួនឯងដោយមិនផ្តោតលើអារម្មណ៍ទាំងនោះ។ ប្តូរការគិត ទៅរករឿងប្រសើរវិញអ្នកនឹងធូរស្រាលដោយមិនមានពេលផ្តោតលើអារម្មណ៍ស្មុគស្មាញនោះរហូតដល់ករណីធ្ងន់ធ្ងរដូចនាងផ្ទាល់។
២.បន្ថយជាតិកាហ្វេអ៊ីនក្នុងខ្លួន
ជាតិកាហ្វេអ៊ីនមានច្រើនក្នុងភេសជ្ជៈកាហ្វេ និងតែ ដែលបង្កើនដល់កម្រិតអ័រម៉ូនAdrenaline ក្នុងខ្លួនអ្នកជម្រុញឱ្យឆាប់មានអារម្មណ៍ខឹងខ្លាច មួម៉ៅកើនឡើងផងដែរ។ ព្យាយាមកាត់បន្ថយភេសជ្ជៈទាំងនេះដើម្បីខ្លួនឯង ហើយអាចរកភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីនមកញ៉ាំជំនួសក៏បាន។
៣.ធ្វើលំហាត់ប្រាណទៀងទាត់
អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណគឺផ្តល់ឱ្យអ្នកនូវគុណសម្បត្តិធំៗពីរគឺមួយ កាត់បន្ថយកម្រិតអ័រម៉ូនស្រ្តេសក្នុងរាងកាយដែលអ្នកកើតមាន និងទីពីរគឺជួយឱ្យអ្នកងាកចេញពីអារម្មណ៍គិតច្របូកច្របល់ផ្សេងៗ។ បើអ្នកមានពេលសមាធិហើយបន្ថែមការធ្វើលំហាត់ប្រាណនោះជាការប្រសើរបំផុត។
៤.ស្តាប់តន្ត្រីឬមើលវីដេអូលើកទឹកចិត្ត
ការស្តាប់តន្រ្តីដែលអ្នកចូលចិត្តជាប្រភេទចម្រៀង ឬតន្រ្តីធ្វើឱ្យអ្នករីករាយគឺផ្តល់ផលល្អដល់អ្នកគឺដោយសារវានឹងកាត់បន្ថយកម្រិតអ័រម៉ូនស្រ្តេស និងជម្រុញប្រព័ន្ធភាពស៊ាំក្នុងខ្លួនឱ្យដំណើរការដូចនេះ វាជាល្អដែលអ្នកអាចជ្រើសរើសប្រភេទតន្រ្តី ឬចម្រៀងឬមួយវីដេអូដែលលើកទឹកចិត្តអ្នក។ ប៉ុន្តែ អ្នកក៏គួរប្រាកដថាបើអារម្មណ៍អ្នកមិនទាន់ប្រសើរឡើងវិញ អ្នកមិនគួរស្តាប់ប្រភេទតន្រ្តី ឬចម្រៀង ដែលនាំឱ្យអារម្មណ៍សោកសៅឬក្រៀមក្រំនោះទេ៕